កណ្តាល៖ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២២ ណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះក៏មានការរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលផងដែរ។ លោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអបអរសាទរ និង កោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ទទួលបានក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង សម្រេចបានជោគជ័យជាទីមោនៈ។ ការបំពាក់ឋានន្តរសក្តិនាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់ និង មានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និង សង្គមជាតិ។