ភ្នំពេញ៖ លោក អនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យរបួសត្រង់ក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់។ រីឯម្ចាស់រ៉ឺម៉កកង់ មិនឲ្យចេញថ្លៃសំណងព្យាបាលជនរងគ្រោះទេ គឺគ្រាន់តែទទួលស្គាល់កំហុសដែលខ្លួនឯងបានប្រព្រឹត្ត និងទទួលការអប់រំណែនាំពីច្បាប់ចរាចរណ៍ កុំឲ្យធ្វេសប្រហែសទៅថ្ងៃក្រោយទៀតប៉ុណ្ណោះ ចំណែកជនរងគ្រោះត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវថវិកាចំនួន ២លានរៀល, ទឹកក្រូច២កេស, ទឹកបរិសុទ្ធ៤កេស, ទឹកដោះគោឆៅចំនួន២យួរ ជូនដល់លោកអនុសេនីយ៍ឯក កា សី ជាអំណោយសួរសុខទុក្ខផងដែរ ៕