You are currently viewing កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើខុសច្បាប់

ស្ទឹងត្រែង៖ នៅម៉ោង០៧:៣៣នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ចំណុចចុងទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថឈរជើងគោលដៅការពារទំនប់វារីអគ្គីសនីសេសានក្រោម២ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ែន សាម៉ុន បានឃាត់រថយន្តកែច្នៃ១គ្រឿងដែលកំពុងដឹកឈើប្រណិត(ប្រភេទឈើតាត្រាវ) ចំនួន៤២សន្លឹក-ដុំ ស្មើនឹង៤,៧៧៤ ម៉ែត្រគូប និងជនសង្ស័យម្នាក់ឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៊ី មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យខាងលើនេះបានសារភាពថា ឈើក្នុងរថយន្តទាំងអស់គឺជារបស់ឪពុក និងម្តាយបង្កើតរបស់ខ្លួន ដែលឪពុកឈ្មោះ លី រ៉ុង និង ម្តាយឈ្មោះ វូ គឹមហ៊ាន មានទីលំនៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ជនសង្ស័យទាំង២នាក់ប្តី ប្រពន្ធ បានចូលខ្លួនមកបង្ហាញចំពោះមុខសមត្ថកិច្ច។

ករណីរថយន្តខាងលើនេះមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចជាច្រើនលើកថា ធ្លាប់បានដឹកដំឡូងបង្កប់ឈើ និងដឹកឧបរណ៍ខួងអណ្តូងបង្កប់ឈើ សមត្ថកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវរហូតដល់បង្ក្រាបជាក់ស្តែងឃើញថា ជនសង្ស័យបានកែច្នៃរថយន្តដាក់ឈើមានលក្ខណ:បច្ចេកទេសខ្ពស់ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវបង្ក្រាប។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី៕