សៀមរាបៈ នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យចំនួន១០នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺត្រូវបានឃាត់ខ្លួនស្របពេលដែលពួកគេកំពុងតែជួបជុំគ្នាសេពគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។
ភ្នាក់ងារដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៣កញ្ចប់ ដែលមានទម្ងន់ស្មើ១០.១៤ក្រាម
០២. ទូរស័ព្ទ ចំនួន០៧គ្រឿង
០៣. ស្នាប់ដៃ ចំនួន០១
០៤. ដំបងពីរកំណាត់ចំនួន០១
០៥. សម្ភារៈសំរាប់វេចខ្ចប់ និងជក់ថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។