បន្ទាយមានជ័យៈ បុរសម្នាក់ខ្ចីម៉ូតូគេជិះតែមួយភ្លេត ស្រាប់តែបាត់អស់មួយយប់ ត្រូវបានម្ចាស់ប្តឹងអាវុធហត្ថអោយឃាត់ខ្លួន នៅវេលាម៉ោង១០ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកាសីុណូឡាក់គី ក្បែររង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពពត៌មានពី លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឃេត សារ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកកាសីុណូឡាក់គី រស់នៅដីឡូត្តិ៍លេខ៥៣ មណ្ឌល២ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើឈ្មោះ ទេព សុវ៉ាន់ចាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភលើទំនុកចិត្ត។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុនោះជនសង្ស័យឈ្មោះ ទេព សុវ៉ាន់ចាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បុរសនេះធ្លាប់ស្គាល់គ្នា ហើយបានខ្ចីម៉ូតូរបស់ខ្លួនជិ:មួយភ្លេតស្រាប់តែយកទៅបាត់អស់មួយយប់។
ដោយសារបាត់យូរពេកទើបខ្លួនទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថក្រុងប៉ោយប៉ែតអោយជួយធ្វើអន្តរាគមន៍តែម្តង។
លោក បានអោយដឹងទៀតថា ក្រោយពីទទួលបានបណ្ដឹងរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
បើតាមសំដី លោកប្រធានមន្ទីរយុត្តិធម៌ខេត្ត បានប្រាប់អោយដឹងថា តាមការសួរចម្លើយរបស់អាវុធហត្ថជនសង្ស័យបានរៀបរាប់ថា នៅមុនពេលកើតហេតុនោះ ខ្លួនបានខ្ចីម៉ូតូរបស់ឈ្មោះឃេត សារ័ត្ន ហើយខ្លួនបានជិះដើរលេងដោយចូលទៅផឹកសុីក្នុងឌីស្កូថាច់ដោន ក្នុងកាសីុណូហ្គោលដិន ជាមួយនឹងមិត្តភ័ក្រ ក្រោយមកចេញពីកន្លែងផឹកសីុម៉ោងជិតភ្លឺទៅហើយ ខ្លួនបានជិះម៉ូតូយកទៅទុកចោលខាងជើងស្រះទឹកក្នុងបរិវេនកាស៊ីណូផ្កាយប្រាំ ដោយមូលហេតុខ្លួនស្រវឹង។
លោកប្រធានមន្ទីរយុត្តិធម៌ខេត្ត បានអោយដឹងទៀតថា លុះព្រឹកឡើងថ្ងៃទី២៨ សន្តិសុខកាស៊ីណូបានប្រទះឃើញម៉ូតូនេះ រួចយកមកប្រគល់អោយអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់។
ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក ត្រូវបានមន្ត្រីអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូដែលបានរកឃើញនោះត្រូវបានប្រគល់ទៅអោយម្ចាស់ដើមវិញ។