កណ្តាលៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពញាឮ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយលើក ស្ថិតនៅចំណុចភូមិជ្រេាយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ដោយមានការសហការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថក៏បានចុះទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានតាមដានជាយូរមកហើយ។ ដោយមានការផ្តល់ពត៌មានពីជនមិនស្គាល់អតសញ្ញាណ បានធ្វើអោយជនសង្ស័យដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។
លោកបានបន្តអោយដឹងថា ជនសង្ស័យដែលជាជនសកកម្មក្នុងការចែកចាយគ្រឿងញៀននោះមានឈ្មោះ នុត សុខហួរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រេាយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
លោក បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ធំ
០២. ទូរស័ព្ទ ចំនួន០៤គ្រឿង
០៣. កាំភ្លើងកែច្នៃ ចំនួន០២ដើម និងប្រាក់រៀលមួយចំនួន។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងដុតដៃដុតជើង ស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។