You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្ដិ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្ដិ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្ដិ និងប្រគល់បណ្ណសរសើរ ជូនមន្ត្រីអាវុធហត្ថផងដែរ ។

 

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរងខេត្តដែលមានការពាក់ព័ន្ធ។

 

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថនាពេលកន្លងមក បានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងដំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។

 

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំបម្រើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋឱ្យបានល្អប្រសើរ និងបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង ដែលជាហេតុបង្កអសន្តិសុខដល់សង្គមជាតិ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសពង្រឹងលើការងារ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។

 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថណា ដែលនៅពីក្រោយខ្នង ឬកាងបទល្មើសផ្សេងៗ មិនត្រូវបានលើកលែងឡើយ បើក្នុងករណីរកឃើញថាប្រព្រឹត្តខុស ត្រូវតែអនុវត្តតាមច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ។

 

ព្រមជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញផែនការ បទបញ្ជា ដល់គ្រប់អាវុធហត្ថក្រុង-ស្រុកទាំង៩ ត្រូវត្រៀមរៀបចំកងកម្លាំងប្រចាំការ និងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ ឱ្យបានជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ បើក្នុងករណីគ្រោះទឹកជំនន់កើតមានឡើង គ្រប់កងកម្លាំងតាមគោលដៅ ត្រូវចេញអន្តាគមន៍ភ្លាមៗមិនថាយប់  ឮឬថ្ងៃឡើយ ។

្ទា