ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយបានការអនុញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនប្រតិបត្តិការ និងហ្វឹកហ្វឺន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នមន្ត្រីនគរបាលយុត្តិធម៌ ឆ្នាំ២០២២ ដោយមានចូលរួមពីលោកវរសេនីយ៍ទោ វ៉ាំងសង់ ម៉ារេស្តូ ប្រធានគម្រោងសហប្រតិបត្តិការបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង លោកនាយកវិទ្យាស្ថាន យោធាចារ្យ នាយ នាយរងការិយាល័យ និងនាយអាវុធហត្ថជាច្រើនទៀតផងដែរ។ សម្រាប់វគ្គបំប៉នមន្ត្រីនគរបាលយុត្តិធម៌នេះ មានរយៈពេលសរុប ១ខែ ១២ថ្ងៃកន្លះ ដោយចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខាកាមសរុបមានចំនួន១០៧នាក់ ដែលមកពី២៥រាជធានី-ខេត្ត។