កំពង់ស្ពឺៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិត្រពាំងអំពឹល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី គំរាមសម្លាប់ និងលួងលោមរំលោភសេពសន្ថវៈ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ជូន សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ មុំ ភារិត ភេទប្រុស អាយុ២០ឆ្នាំមុខរបរយោធា ឋានះពលបាលឯក មានទីលំនៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
លោកបានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់ លេខ១៦ អយក/១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ២០១៦ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដែលបានចោទប្រកាន់ទៅលើជនសង្ស័យខាងលើថាបាន គំរាមសម្លាប់ និងលួងលោមរំលោភសេពសន្ថវៈ ទៅលើគូរដណ្តឹងរបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនកម្លាំងនគរបានខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)