បន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ម្នាក់ស្ម័គ្រចិត្តជួលផ្ទះ ហើយម្នាក់ទៀតល្បួងក្មេងស្រីយកទៅរំលោភនៅផ្ទះសំណាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ក៏បានបញ្ជូនមកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងជួញដូរមនុស្សនិងការពារអនិតិជន បានអោយដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាឪពុកបង្កើតជនរងសង្រ្គោះឈ្មោះ ក.ក.ក ភេទស្រី អាយ១៣ឆ្នាំ បានប្តឹងឈ្មោះ សោម សុវណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់ខ្លួនដែលមិនទាន់គ្រប់អាយុ។
លោកវរ:សេនីយ៍ឯក ស ប៊ុសឿង បានបញ្ជាក់ទៀតថា តាមពាក្យបណ្តឹងនោះនៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាទៅទិញកាបូបរៀននៅផ្សាររាត្រី ពេលដើរដល់រង្វង់មូលស្រីគ្រប់លក្ខណ៍បានជួបជាមួយជនសង្ស័យឈ្មោះ សោម សុវណ្ណា ក្រោយពីធ្វើការជជែកគ្នា ហើយឈ្មោះសោម សុវណ្ណា បាននាំជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ព្រោះពេលនោះមិត្តភ័ក្រឈ្មោះ មឿន គា បានជួលផ្ទះសំណាក់ជាស្រេច។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ពេលនោះជនសង្ស័យទាំង០២នាក់បានទិញថ្នាំញៀនយកមកប្រើប្រាស់ទាំងអស់គ្នា ក្រោយពីប្រើប្រាស់ថ្នាំញឿន ហើយក៍លួងលោមក្មេងស្រីរួមរ័ករហូតបានសំរេចទាំង០២នាក់។
ក្រោយពីបែកការណ៍ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខេត្ត ជនសង្ស័យទាំង០២នាក់បានគេចខ្លួនទៅខេត្តបាត់ដំបងបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹងហើយនោះ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយអាវុធហត្ថខេត្តបាត់ដំបង ចុះស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានជាបន្ត បន្ទាប់រួចបញ្ជូនមកអាវុធហត្ថខេត្តបន្ទាយមានជ័យតែម្ដង។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា នៅមុខអាវុធហត្ថជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានល្បួងក្មេងស្រីយកទៅរំលោភបានសំរេចពិតប្រាកដមែន។ ដោយបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ និងមានពាក្យបណ្តឹងទៀតផងនោះ អាវុធហត្ថជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូច្បាប់។
(អត្ថបទៈ ឡាក់ ភី)