ភ្នំពេញ៖ ដោយអនុវត្ត តាមសច្ចាបន័ លេខ៥៦/ផ.ក ២០២២ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ របស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកវគ្គបំប៉ន ជំនាញប្រឆាំងគ្រឿងញៀន និងអង្គភាពនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលពីលោកស្នងការរង នាយការិយាល័យ និងអង្គភាពជំនាញដែលមានកាពាក់ព័ន្ធ ព្រមទាំងសិក្ខាកាម៥៨នាក់ ដែលមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត។
នេះជាសប្តាហ៍ទី៣ ក្នុងការដំណើរការវគ្គបំប៉នជំនាញខ្សែរយៈបណ្តោយស្រាវជ្រាវ និងបង្ក្រាបបទល្មើស បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញផែនការស្រាវជ្រាវបទឧក្រិដ្ឋ និងវគ្គជំនាញព្រហ្មទណ្ឌរួចមក ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានរៀបចំពិធីបើកវគ្គបំប៉នជំនាញ ប្រឆាំងគ្រឿងញៀនបន្តទៀតក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្ដីនិងការអនុវត្ត ជាពិសេសដើម្បីពង្រឹងសមត្ថភាពដល់ជំនាញ និងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចអោយទទួលបានជោគជ័យ ជូនអង្គភាពកងរាជអាវុធហត្ថ៕