You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្តខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយៈពេល៩ខែ និងទិសដៅការងារកងរាជអាវុធហត្ថ ត្រីមាសទី៤ ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងបានធ្វើការផ្តាំផ្ញើជូនដល់យោធិន នៃកងរាជអាវុធហត្ថត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចូលរួមអនុវត្តន៍នូវទិសស្លោកដ៏មានតម្លៃរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ បានដាក់ទិសដៅបន្ដ៖ ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា និងគ្រប់គ្រងអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិកៈ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ជំរុញបន្ថែមការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ, ចូលរួមសហការជាមួយអង្គភាពដែលពាក់ព័ន្ធ, ពង្រឹងវេនប្រចាំបញ្ជា ប្រចាំការទាំងខេត្ត និងតាមបណ្ដាក្រុង-ស្រុក ។

ជាចុងក្រោយលោក ឧត្តមសេនីយ៍  មេបញ្ជាការផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន  នាយទាហានរងទាំងអស់ មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ រកស៊ីទទួលទានមានបាន គ្រប់ៗគ្នាជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។

សមាសភាពចូលរួមមាន៖ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ នាយការិយាល័យចំណុះមន្ទីរ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យហិរញ្ញវត្ថុ លោកស្រីនាយការិយាល័យអធិការកិច្ច លោកប្រធានអង្គភាពចំណុះនិងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ០៨ សរុបវត្តមានចូលរួម ៥៦នាក់ ៕