You are currently viewing នាទីយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអាវុធ ដើម្បីប្រើប្រាស់អាវុធស្របច្បាប់និងសិទ្ធិក្នុងការការពារស្របច្បាប់

នាទីយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអាវុធ ដើម្បីប្រើប្រាស់អាវុធស្របច្បាប់និងសិទ្ធិក្នុងការការពារស្របច្បាប់

ថ្ងៃនេះ ជាថ្ងៃសម្រាកចុងសប្តាហ៍ ខ្ញុំបាទសូមអនុញ្ញាតធ្វើបទបង្ហាញជូនដល់សាធារណជនស្តីពី “ការប្រើប្រាស់អាវុធស្របច្បាប់​និងសិទ្ធិក្នុងការ​ការពារស្របច្បាប់”។ អនុលោមតាមច្បាប់ អាវុធ ជាតិផ្ទុះគ្រប់ប្រភេទ មិនអាចជាកម្មវត្ថុនៃកម្មសិទ្ធិឯកជនបានឡើយ។ បុគ្គលដែលមានអាវុធ ជាតិផ្ទុះទោះបីនៅទីកន្លែងណាក៏ដោយត្រូវយកអាវុធ ជាតិផ្ទុះនោះមកប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច។ ហាមដាច់ខាតការលក់ ការទិញដូរ ការធ្វើអំណោយ ការស្តុកទុកក្នុងផ្ទះ ឬទីកន្លែងផ្សេងទៀតនូវអាវុធ ជាតិផ្ទុះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
អាវុធសំដៅដល់កាំភ្លើងមានកាណុង មានគន្លឹះកៃ ដែលគេផលិត ឬកែច្នៃសម្រាប់បាញ់បញ្ចេញក្បាលគ្រាប់ គ្រាប់ប្រាយ គ្រាប់បែក គ្រាប់ផ្លោង គ្រាប់កាំជ្រួច គ្រាប់ព្រួញ វត្ថុរាវ ឧស្ម័ន កាំរស្មី សារធាតុគីមី ជីវសាស្ត្រ ដោយប្រើកម្លាំងរំសេវផ្ទុះ កម្លាំងរ៉ឺស័រ កម្លាំងខ្យល់ ឬឧស្ម័ន ឬកាំរស្មី។ ត្រូវរាប់បញ្ចូលជាផ្នែកមួយរបស់កាំភ្លើងផងដែរនូវគ្រឿងផ្គុំសំខាន់ៗដែលផលិតឡើងក្នុងគោលដៅអាចផ្គុំធ្វើឱ្យទៅជាកាំភ្លើង ឬបង្កើនប្រសិទ្ធភាពរបស់កាំភ្លើងដូចជា ស្នូកកាំភ្លើង កាណុង ប្រអប់កៃ បង់គ្រាប់ កែវយិតតម្រង់ កែវកាំរស្មីឆ្លុះតម្រង់ និងបំពង់ខ្ទប់សំឡេង។
នៅក្នុងក្រមព្រហ្មទណ្ឌបានចែងថា អាវុធសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬកែច្នៃតម្លើង និងដែលអាចប្រើប្រាស់ដើម្បីសម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ និងអាវុធសម្រាប់ប្រហារផ្សេងទៀតដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស។ ប្រសិនបើបុគ្គលណាផលិត ឬនាំចូល ឬនាំចេញ ឬសន្និធិអាវុធដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសក្នុងមាត្រា៤៨៨និងមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីបុគ្គលណាដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តន្ទាទោសក្នុងមាត្រា៤៩០​នៃក្រមព្រហ្មទណ្ឌ។ ចំណែកឯ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏មានចែងក្នុងមាត្រា២០៖ “ជនណាដែលបំពាក់ដាក់​តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ​ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី៥សែនរៀលដល់២លានរៀល”។
ការនាំចូល ការផលិតអាវុធ ជាតិផ្ទុះគ្រប់ប្រភេទជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ ការដឹកជញ្ជូនអាវុធ ជាតិផ្ទុះគ្រប់ប្រភេទនៅក្នុងផ្ទៃប្រទេស ជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ បើបម្រើឱ្យវិស័យការពារជាតិ និងជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បើបម្រើឱ្យវិស័យសន្តិសុខជាតិ។ ក្រសួងការពារជាតិមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងនិងត្រួតពិនិត្យការប្រើប្រាស់អាវុធ ជាតិផ្ទុះគ្រប់ប្រភេទ​ក្នុងកងយោធពលខេមរភូមិន្​ទនិងកងរាជអាវុធហត្ថ រួមទាំងអាវុធ ជាតិផ្ទុះដែលបានរក្សាទុកក្នុងឃ្លាំង។ ចំណែកឯ ក្រសួងមហាផ្ទៃមានភារកិច្ចទទួលខុសត្រូវលើ​ការងារគ្រប់គ្រងនិងត្រួតពិនិត្យការប្រើប្រាស់អាវុធ ជាតិផ្ទុះគ្រប់ប្រភេទក្នុងកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល កងជីវពល និងកងសន្តិសុខធនាគារជាតិនៃកម្ពុជា រួមទាំងអាវុធ ជាតិផ្ទុះគ្រប់ប្រភេទដែលបានរក្សាទុក្នុងឃ្លាំង។
ផ្អែកលើច្បាប់ កងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ ក្នុងពេលប្រតិបត្តិការអាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់អង្គភាពតែត្រូវមានលិខិតបញ្ជាបេសកកម្មនិងបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធភ្ជាប់មកជាមួយ ហើយក្រោយចប់ប្រតិបត្តិការភ្លាមត្រូវយកអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងបណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធមកប្រគល់ឱ្យអង្គភាពវិញ។ ទន្ទឹមនឹងនេះដែរ ស្ថាប័នសាធារណៈនិងមន្ត្រី អាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធខ្លី វែង ដើម្បីការពារក្រសួង ស្ថាប័ន ការពារទ្រព្យសម្បត្តិរដ្ឋ ឬការពារខ្លួនក្នុងពេលប្រតិបត្តិការ។ កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្ត្រី ដែលត្រូវបានអនុញ្ញាតឱ្យកាន់កាប់ប្រើប្រាស់អាវុធខ្លីយកតាមខ្លួន ត្រូវបានកំណត់ឋានន្តរសក្តិ មុខតំណែង ឋានៈ តួនាទីដូចមានចែងក្នុងអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ ស្តីពីនីតិវិធីនិងលក្ខខណ្ឌការគ្រប់គ្រង ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី។
នៅក្នុងការបំពេញបេសកកម្ម ធ្វើប្រតិបត្តិការ កងកម្លាំងត្រូវបានបំពាក់អាវុធរបស់អង្គភាព ពេលខ្លះពួកគាត់ប្រឈមមុខទៅនឹងស្ថានការណ៍គ្រោះថ្នាក់ដែលអាចនាំឱ្យពួកគាត់ប្រើប្រាស់អាវុធនេះ។ នេះជាសិទ្ធិដ៏ធ្ងន់ធ្ងរបំផុត ពីព្រោះថាសិទ្ធិនេះអាចបង្កឱ្យមានរបួសស្នាម ឬធ្វើឱ្យនរណាម្នាក់ស្លាប់។ យើងមិនអាចផ្តល់ជីវិតដល់ជនដែលគ្មានកំហុសវិញបានឡើយ យកល្អគួរតែបណ្តោយឱ្យពិរុទ្ធជនរត់គេចខ្លួនជាជាងសម្លាប់អ្នកដែលគ្មានកំហុស។
ឧទាហរណ៍៖ កម្លាំងសមត្ថកិច្ចកំពុងដេញតាមជនល្មើសម្នាក់ដែលមានអាវុធនៅក្នុងដៃ ហើយជនល្មើសនោះរត់ចូលផ្សារមួយដែលមានមនុស្សច្រើនកុះកក។ ក្នុងពេលនោះ យើងជាកម្លាំងសមត្ថកិច្ចមិនអាចបាញ់បានទេ ព្រោះកាលណាយើងបាញ់អាចបាញ់មិនត្រូវចំជនល្មើសបែរជាបាញ់ទៅត្រូវចំអ្នកដទៃដែលគ្មានកំហុសវិញ យើងត្រូវតាមចាប់ជនល្មើសឱ្យអស់លទ្ធភាពតាមគ្រប់មធ្យោបាយ។
យើងត្រូវចងចាំថា មូលដ្ឋានស្របច្បាប់ ការប្រើប្រាស់អាវុធតបតបានទាល់តែមានលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងមាត្រា៣៣នៃក្រមព្រហ្មទណ្ឌ ហើយបុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ការការពារស្របច្បាប់ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
បទល្មើសនិងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។
សេចក្តីពន្យល់៖
1.បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់៖ មានន័យថាអំពើដែលយើងប្រព្រឹត្តនោះគឺជាបទល្មើស ប៉ុន្តែដោយការចាំបាច់ទើបយើងប្រព្រឹត្ត ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ យើងប្រឈមមុខនឹងអំពើឈ្លានពានមួយដែលមិនត្រឹមត្រូវ ឬខុសនឹងច្បាប់។ ឧទាហរណ៍ទី១៖ បុរសម្នាក់ចាប់កេ្មងហើយមានកាំបិតចុងស្រួចភ្ជង់ជាប់នឹងបំពង់កក្មេងនោះ ក្នុងករណីនេះបើយើងស្រែកគំរាមឱ្យជនល្មើសទម្លាក់កំបិតចោល បើជនល្មើសមិនទម្លាក់ទេ ខណៈនោះ យើងអាចបាញ់សំដៅទៅលើជនល្មើស ដើម្បីការពារអាយុជីវិតក្មេង ព្រោះស្ថានការណ៍នោះ បើយើងមិនបាញ់ជនល្មើសទេ ក្មេងនឹងស្លាប់ដោយសារជនល្មើសចាក់បំពង់ក។ អំពើសម្លាប់មនុស្សជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែដោយមានលក្ខខណ្ឌចែងក្នុងច្បាប់ត្រឹមត្រូវ អ្នកប្រព្រឹត្តមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ឧទាហរណ៍ទី២៖ អំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់) “បុរស២នាក់ចូលក្នុងផ្ទះមួយ ហើយបានវាយម្ចាស់ផ្ទះដោយកាំភ្លើង បង្កឱ្យរបួសបែកក្បាល បន្ទាប់មកពួកគេប្រមូលមាសប្រាក់រួចរត់គេចខ្លួន ម្នាក់រត់គេចទៅតាមកន្លែងចំណតរថយន្ត ខណៈនោះកម្លាំងសមត្ថកិច្ច២នាក់បានឃើញហើយដេញតាមជនសង្ស័យ។ ជនសង្ស័យបានចូលរថយន្តមួយបម្រុងបើកចេញ កម្លាំងសមត្ថកិច្ចម្នាក់បានស្រែកឱ្យជនសង្ស័យឈប់តែគេមិនព្រមឈប់ទេ សមត្ថកិច្ចក៏បានបាញ់សំដៅទៅកង់រថយន្តចំនួន២គ្រាប់ ប៉ុន្តែរថយន្តនៅតែមិនឈប់ ហើយបានបោះពួយទៅមុខផុតទៅ។ ក្រោយពេលបន្តិចមក សមត្ថកិច្ចបានឮសម្លេងថ្ងូរ ហើយស្រែក “ជួយផងៗ” ពេលគាត់ទៅពិនិត្យមើលឃើញស្ត្រីម្នាក់រងរបួសដោយគ្រាប់កាំភ្លើង អង្គុយផ្អែកនឹងឡានមួយគ្រឿងផ្សេងទៀត។ តាមការសន្និដ្ឋានការរងរបួសនោះដោយសារគ្រាប់កាំភ្លើងបាញ់ចេញពីកម្លាំងសមត្ថកិច្ចនោះ។ ការផ្ទុះអាវុធនៅពេលនោះមិនមែនជាការចាំបាច់ទេ យើងអាចរកវិធីដេញតាមចាប់ជនល្មើសបន្តទៀត ដោយសុំអន្តរាគមន៍ពីកម្លាំងផ្សេងតាមបណ្តាគោលដៅ។
2.ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា៖ មានន័យថា យើងត្រូវធ្វើការតបតភ្លាមៗ ជាមួយនឹងអំពើល្មើសដែលកំពុងកើតឡើង ប្រសិនបើជនដែលសង្ស័យប្រព្រឹត្តបានបោះបង់ចោល យើងក៏ត្រូវតែបញ្ឈប់ការតបតវិញដែរ។ ឧទាហរណ៍ទី១៖ ករណីខាងលើ ប្រសិនបើជនល្មើសបានទម្លាក់កាំបិតចោល យើងមិនត្រូវបាញ់ទៅលើជនល្មើសទៀតទេ ព្រោះជនល្មើសយល់ព្រមឱ្យយើងចាប់ហើយ។ ប៉ុន្តែបើជនល្មើសមិនព្រមទម្លាក់កាំបិតចោលទេ ត្រូវតែបាញ់ទៅលើជនល្មើស ដើម្បីការពារអាយុជីវិតក្មេងនោះ។ ឧទាហរណ៍ទី២៖ ឈ្មោះ ក បានវៃទៅលើឈ្មោះ ខ បែកក្បាល។ ស្អែកឡើងឈ្មោះ ខ បានយកដំបងមកវៃឈ្មោះ ក បែកក្បាលវិញ អំពើនេះមិនមែនការការពារស្របច្បាប់ទេ ជាអំពើសងសឹក ព្រោះមិនចូលក្នុងលក្ខខណ្ឌ “បទល្មើសនិងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា”។
3.គ្មានវិសមាមាត្រ៖ មានន័យថា ដើម្បីមានលទ្ធភាពប្រើប្រាស់អាវុធការពារអាយុជីវិតរបស់យើង ឬបុគ្គលដែលត្រូវគេឈ្លានពានត្រូវស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ឬក៏យើងជឿជាក់ច្បាស់ក្នុងចិត្តថា ជីវិតរបស់បុគ្គលដែលត្រូវបានគេឈ្លានពាននោះអាចនឹងមានគ្រោះថ្នាក់។ ឧទាហរណ៍ទី១៖ ដូចអង្គហេតុខាងលើ យើងជឿជាក់ច្បាស់ថា បើយើងមិនបាញ់សម្លាប់ជនល្មើសទេ ក្មេងនោះនឹងត្រូវស្លាប់។ ឧទាហរណ៍ទី២៖ ដូចករណីខាងលើដែរ យើងមិនត្រូវបាញ់កង់ឡានទេ ព្រោះមធ្យោបាយតាមចាប់ចោរនោះនៅមាន ហើយស្ថានការណ៍នោះចោរមិនទាន់បង្កគ្រោះថ្នាក់ដល់បុគ្គលផ្សេងទៀតទេ ដូច្នេះយើងអាចទាក់ទងតាមប្រព័ន្ធផេ្សងៗសុំកម្លាំងអន្តរាគមន៍តាមចាប់ចោរនោះបន្តទៀត។ (អេង ហ៊ី)

images

2016-states-that-are-the-most-and-least-dependent-on-the-gun-industry