ជាការពិត ការយល់ដឹងរបស់បុគ្គលម្នាក់ៗមិនស្មើគ្នាទេ ជាពិសេសលើពាក្យដែលសរសេរក្នុងអត្ថបទច្បាប់មួយចំនួនមានការពិបាកយល់ន័យរបស់ពាក្យនោះណាស់។ កន្លងទៅ មានសាធារណជនមួយចំនួនបានលើកជាមតិក្នុង Page GRK News ថាៈ បើបុគ្គលនឹងជាឃាតករសម្លាប់គេហើយ ហេតុអ្វីបានជានៅតែប្រើពាក្យ “ជនសង្ស័យ” ធ្វើអី ប្រើពាក្យជនល្មើសតែម្តងទៅ។
ខ្ញុំបាទសូមជម្រាបជូនដល់សាធារណជននូវអត្ថន័យនៃពាក្យខាងលើដែលប្រើក្នុងអត្ថបទច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងមាត្រា៣៨នៃរដ្ឋធម្មនុញ្ញបានចែងថា “ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ” ហេតុដូចនេះហើយ បានជាការតាក់តែងច្បាប់ដែលប្រើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” គឺឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ខ្ញុំបាទសូមពន្យល់នូវពាក្យនីមួយៗដោយមានសំអាងច្បាប់ដូចខាងក្រោម៖
១-“ជនសង្ស័យ” ពាក្យនេះគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស អាចជាចារី សហចារី អ្នកសមគំនិត និងអ្នកផ្តើមគំនិត។ នគរបាលយុត្តិធម៌ប្រើពាក្យនេះនៅក្នុងកំណត់ហេតុផ្សេងៗ ស្ថិតក្នុងការស៊ើបអង្កេតរបស់ខ្លួន ព្រោះដំណាក់កាលនេះ បុគ្គលនោះឋិតនៅក្នុងការសង្ស័យនៅឡើយ ពុំទាន់មានការចោទប្រកាន់ពីអយ្យការទេ។ ក្នុងមាត្រា៩៦ចែងថា “ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កើត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួន បុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស…”។
២-“ជនល្មើស” ន័យដូចពាក្យ “ជនសង្ស័យ” ដែរ គឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែគេច្រើនប្រើពាក្យនេះក្នុងករណីបទល្មើសជាបទល្មើសជាក់ស្តែង។ ឧទាហរណ៍៖ បុគ្គលម្នាក់កំពុងកាប់ទៅលើជនម្នាក់បណ្តាលឱ្យស្លាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បានភ្លាមនៅកន្លែងកើតហេតុ ជននោះយើងអាចហៅថា “ជនល្មើស” ព្រោះគ្មានបុគ្គលផ្សេងទៀតទេក្រៅពីបុគ្គលនោះ។ ក្នុងមាត្រា៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត”។ សូមបញ្ជាក់ថា ទោះបីមានសំអាងច្បាប់យ៉ាងនេះក្តី អ្នកច្បាប់នៅតែណែនាំឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើពាក្យ “ជនសង្ស័យ” មានលក្ខណៈប្រសើរជាង។
៣-“ជនត្រូវចោទ” អត្ថន័យនៃពាក្យនេះ គឺជាបុគ្គលដែលត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។ នៅក្នុងមាត្រា១៣៣នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “នៅគ្រប់ពេលវេលានៃការស៊ើបសួរ ជនត្រូវចោទអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើការសួរចម្លើយខ្លួន…”។
៤- “ជនជាប់ចោទ” ពាក្យនេះប្រើសម្រាប់ហៅទៅលើបុគ្គលដែលត្រូវបានបញ្ចូនទៅជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌចំពោះមុខសាលាដំបូង។ ក្នុងមាត្រា២៩១នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “…គ្រប់បុគ្គលដែលត្រូវបានបញ្ជូនទៅចំពោះមុខតុលាការតាមនីតិវិធីណាមួយដូចខាងលើនេះ មានឈ្មោះថាជនជាប់ចោទ…”។
៥-“ពិរុទ្ធជន” គឺជាជនជាប់ចោទដែលត្រូវបានប្រកាសសាលក្រមនៅពេលសវនាការសាធារណៈ។ ក្នុងមាត្រា៣៦៥នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ពិរុទ្ធជនអាចធ្វើបណ្តឹងទាស់នឹងសាលក្រមដែលប្រកាសដោយកំបាំងមុខខ្លួនបាន”។
៦-“ទណ្ឌិត” គឺជាជនដែលកំពុងអនុវត្តទោសពន្ធនាគារតាមអំណាចសាលក្រម ឬសាលដីកាជាស្ថាពរ។ ក្នុងមាត្រា៥០២នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “…ទណ្ឌិតដែលបានអនុវត្តទោសរបស់ខ្លួនរួចហើយ ត្រូវដោះលែងនៅក្នុងចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១៨ល្ងាច…”។(អេង ហ៊ី)