You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០២២

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងសិក្ខាកាមនៃកងរាជអាវុធហត្ថខេត្ត ចំនួន ៨២នាក់។

 

ក្នុងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០២២នេះ យោងតាមរបាយការណ៍បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ របស់ការិយាល័យហ្វឹកហ្វឺន មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តព្រះសីហនុ សិក្ខាកាមមានមុខចូលរៀន មកពីបណ្តាអង្គភាពចំណុះកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៦០នាក់ រយ:ពេលសិក្សាចំនួន ១៥ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២) មុខវិជ្ជារៀនសូត្រចំនួន ០៥ រួមមាន៖ លំហាត់របៀប, សង្រ្គោះបឋម, វិធានការបង្ការការពារជំងឺកូវីដ-១៩, ជំនាញមន្រ្តីនគរបាលយុត្តិធម៌, គុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន ហើយគ្រូឧទ្ទេសនាម ជាគ្រូនៅក្នុងអង្គភាព និងគ្រូដែលបានបំប៉នគ្រូបង្គោលវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ចំនួន ០៧នាក់ ដោយសិក្សាលើទ្រឹស្តីនៅក្នុងថ្នាក់រៀន និងអនុវត្តន៍ជាក់ស្តែងទីវាលក្នុងបន្ទាយ។

ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការផ្តាំផ្ញើនូវប្រសាសន៍ដ៏មានតម្លៃរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ ជូនដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថ ត្រូវចងចាំនិងចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតនូវវិធានការផ្ទៃក្នុងទាំង០៩ចំណុច របស់កងរាជអាវុធហត្ថ ដើម្បីប្រតិបត្តិខ្លួនក្លាយជាមន្រ្តីកងរាជអាវុធហត្ថគំរូ។