You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០១៦

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០១៦

ភ្នំពេញ៖ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ភារកិច្ច​និងការងារកងរាជអាវុធហត្ថ ខែតុលានិងទិសដៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោក វរសេនីយ៍ នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ខេត្ត ជាច្រើនរូប។
យោងតាមរបាយការណ៍អានដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់រួមក្នុងខែតុលា មានជាអាទិ៍ៈ ករណីឃាតកម្ម១៨លើក ជួញដូរមនុស្ស២លើក ជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់៦៩លើក ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម កូដកម្មទាមទារតវ៉ាផ្សេងៗ កើតមានចំនួន៨៦លើកក្នុងនោះបាតុកម្មចំនួន២១លើកនិងកូដកម្មចំនួន៦៥លើ។ គ្រោះថ្នាក់ចរាចរណ៍កើតមាន៣៦២លើក មនុស្សស្លាប់១៤០នាក់ និងរបួស៥៦៦នាក់។ រីឯគ្រោះមហន្តរាយកើតមាន១៧៣លើក មនុស្សស្លាប់ចំនួន១៣៤នាក់ របួស១១នាក់។ បទល្មើសកើតឡើងចំនួន១៧ករណីស្មើនឹង៤១៧លើកក្នុងនោះបទឧក្រិដ្ឋកើតមាន៦ករណីស្មើនឹង១៤៩លើក មនុស្សស្លាប់១៨នាក់ របួស៣៦នាក់ និងបទមជ្ឈិមកើតមាន១១ករណី ស្មើនឹង២៦៨លើក មនុស្សស្លាប់១នាក់ របួស១០៧នាក់។
ក្នុងខែតុលានេះ កងរាជអាវុធហត្ថបានចូលរួមចំណែកការពារសន្តិសុខដោយធ្វើសកម្មភាពចំនួន១០.៣៦៩លើក ប្រើប្រាស់កម្លាំងរួម៥៩.២៨៣នាក់ រថយន្ត៥.៦៥១គ្រឿង ទោចក្រយានយន្ត១៨.៧១៩គ្រឿង។ ការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ព្រះមហាក្សត្រ និងពិធីបុណ្យផ្សេងៗ ព្រមទាំងបានធ្វើសកម្មភាពសង្គ្រោះចំនួន៤២៦លើក។ ទន្ទឹមនឹងនេះ កម្លាំងជំនាញយុត្តិធម៌បានធ្វើការស្រាវជ្រាវនិងបង្ក្រាបចំនួន៤២២លើក បង្ក្រាបបាន១៥៧លើក (បទឧក្រិដ្ឋ៨៣លើកនិងបទ៧៤លើក) ជាក់ស្តែងបង្ក្រាបអំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) ៧លើក, រំលោភសេពសន្ថវៈ៤លើក, ជួញដូរមនុស្ស២លើក, ជួញដូរមនុស្ស២លើក, ជួញដូរចែកចាយគ្រឿងញៀន៦៩លើក, ប្រើប្រាស់គ្រឿងញៀន១៣លើក, អំពើលួច១៣លើក, ធ្វើឱ្យខូចខាតដោយចេតនា២លើក, អំពើហិង្សាដោយចេតនា១២លើក, កាន់កាប់ដឹកជញ្ជូនអាវុធខុសច្បាប់៦លើក, រំលោភលើសេចក្តីទុកចិត្ត៣លើក, ប្រទូសកេរ្តិ៍ខ្មាស់២លើក, ទទួលផលចោរកម្ម១លើក, ល្បែងស៊ីសង៦លើក, បទល្មើសព្រៃឈើ៣លើក។ល។ បានឃាត់ខ្លួនជនសង្ស័យចំនួន២៧៦នាក់និងវត្ថុតាងចាប់យកមួយចំនួនបញ្ជូនទៅតុលាការ។
បានសហការពង្រឹងការអនុវត្តបទបញ្ជាជាមួយនគរបាលជាតិ ស្ថាប័នពន្ធដារ គយរដ្ឋាការ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ និងអភិរក្សដែនជីវៈចម្រុះ សាធារណៈការដឹកជញ្ជូន រដ្ឋបាលជលផល ក្រុមចម្រុះ ក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន…។ លើកពីនេះទៀត បានធ្វើការអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបពីសភាពការណ៍វិវត្តន៍និងសភាពការណ៍ថ្មីៗដែលកើតមានឡើង យល់ច្បាស់តួនាទីភារកិច្ច បទបញ្ជា ក្រមសីលធម៌ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានបើក បិទវគ្គហ្វឹកហ្វឺនរៀនសូត្រ បណ្តុះបណ្តាល បំប៉នជំនាញផ្សេងៗជាច្រើនវគ្គផងដែរ។
ក្រោយពីការអានរបាយការណ៍ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តសៀមរាប ឡើងធ្វើសេចក្តីរាយការណ៍អំពីការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសដោយជោគជ័យ នាពេលកន្លងទៅ ដើម្បីទុកជាការដកបទពិសោធន៍ដល់បណ្តាខេត្តផ្សេងទៀត ព្រោះអំពើល្មើសនាពេលបច្ចុប្បន្នមានលក្ខណៈប្លែកនិងមានល្បិចកលច្រើន ធ្វើឱ្យការស៊ើបអង្កេតស្រាវជ្រាវរបស់ជំនាញមានការលំបាកស្មុគ្រស្មាញយ៉ាងខ្លាំង។ ប៉ុន្តែទោះបីមានភាពស្មុគ្រស្មាញ ជួបការលំបាកយ៉ាងណាក៏ដោយ ជំនាញកងរាជអាវុធហត្ថនៅតែខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបានជាច្រើនករណី។
កិច្ចការងារនេះទទួលបានជោគជ័យដោយសារមានការចូលរួមផ្តល់ព័ត៌មានពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋានដែលមានទំនុកចិត្តមកលើកងរាជអាវុធហត្ថ អាស្រ័យហេតុនេះកងរាជអាវុធហត្ថសូមអំពាវនាវដល់សាធារណជនទូទាំងប្រទេស បន្តចូលរួមចំណែកផ្តល់ព័ត៌មានមកកងរាជអាវុធហត្ថគ្រប់ពេលវេលា។(អេង ហ៊ី)

img_9528-1

img_9503

img_9501

img_9499

img_9494

img_9492