ឧត្តរមានជ័យៈ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបង្ក្រាបរាល់បទល្មើសដែលកើតមានឡើង រួមមាន ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ជាក់ស្តែង នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិអភិវឌ្ឍន៌ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួនបុរសជ័យចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី លោក វ៉ាន់ តូច មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ មូល លាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្លូវលេខ12 ភូមិអភិវឌ្ឍន៌ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។
លោកបានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើតាមដីការបង្គាប់អោយនាំខ្លួនលេខ១៤៩ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយលោក គួន ចន្ថា ចៅក្រមសេុីបសួរសាលាដំបូងខេត្តឧត្តរមានជ័យ។
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ។
(អត្ថបទៈ ម៉ាន់ ដាវីត)