ភ្នំពេញៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៥ និង១៥នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្លូវ៩០កែងស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធជាមួយករណីឆក់។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំរាជធានីភ្នំពេញ បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់នោះ បានជិះម៉ូតូ០១គ្រឿងម៉ាក WAVE ពណ៏ខ្មៅពាក់ស្លាកលេខ កណ្តាល1M-5158(ស្លាកលេខក្លែងក្លាយ) បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ជាកម្មកររោងចក្របានសម្រេច នៅចំណុចកើតហេតុខាងលើ ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែសំណាងអាក្រក់ ពេលនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងបំពេញបេសកកម្ម ល្បាតការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏បានដេញឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់នោះភ្លាមៗ។
ក្រោយពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញ។
គួរបញ្ជាក់ទៀងថា នារីរងគ្រោះ មានការត្រេកអរយ៉ាងខ្លាំង ដែលកម្លាំងកងរាជអាវុធហត្ថ ជួយអន្តរាគមន៍បានទាន់ពេលវេលា និងយកទូរស័ព្ទរបស់នាងបានត្រឡប់មកវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)