You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម លើជនជាតិចិនដូចគ្នា

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម លើជនជាតិចិនដូចគ្នា

ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជាពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និង បង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្ត បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម លើជនជាតិចិនដូចគ្នា និង កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន, ឃាតកម្មគិតទុកជាមុន, សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន, កាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់, កំហែងយកមានស្ថានទម្ងន់ទោស និង លាក់បំបាំងតម្រុយ។

 

ប្រតិបត្តិការបង្រ្កាបនេះ ដោយយោងតាមពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចិន កាល់ពីវេលាម៉ោង១២:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងចិត្តទុកដាក់បំផុត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

 

១/ ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង)

២/ ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។

 

ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួររួចមក ម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេក្លោង បានរត់គេចខ្លួនទៅរាជធានីភ្នំពេញ បម្រុងឡើងតាមយន្តហោះបន្តទៅកាន់ប្រទេសថៃ បន្ទាប់មកកម្លាំងជំនាញ បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ Zang Tanning ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន (មេក្លោង) នាំយកមកកាន់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

 

ផ្អែកតាមការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និង បក្សពួកបានលួងលោមហៅជនរងគ្រោះទៅហូបបាយនៅទីតាំងខាងលើ លុះក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) និងតាមធនាគារហុយវ័ង ទឹកប្រាក់ចំនួន ៧០,០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារ) ក្រោយពីទទួលបានលុយរួចហើយ ខ្លួននិងបក្សពួក បានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និង យកសាកសពជនរងគ្រោះទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព រហូតដល់វេលាម៉ោង ១៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវ និង ស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

រហូតដល់វេលាម៉ោង ១៩:៥២នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញ សហការជាមួយកម្លាំងមន្ទីរជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែម ឈ្មោះ Zang Chuan Gang អាយុ ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ និងយកមកបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

នៅវេលាម៉ោង ១៥:០៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Sang in Chuan Sang (ហៅ Dalong) កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងអាវុធខ្លី ចំនួន០២ដើម បន្ថែមទៀតរួមមាន÷

 

១/ ម៉ាក SZ 75 COMPACT លេខ: A 134409

២/ ម៉ាក SZ-07 លេខ: D 134090 បង់ចំនួន ០៣ និងគ្រាប់ចំនួន ៦៩គ្រាប់។

 

នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម ដោយមិនមានជនជាប់ពាក់ព័ន្ធបន្តទៀត ជាលទ្ធផលក្នុងនោះសាក្សី ចំនួន ០៥នាក់ បានឆ្លើយបំភ្លឺរួចមក ដោយពុំមានពាក់ព័ន្ធនឹងបទល្មើស ត្រូវបានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

 

ដោយឡែកជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន កម្លាំងការិយាល័យជំនាញ បានបង្ករសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី។

១/ ឈ្មោះ SANG YANMING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុនតាសឹងសានជ័ង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

២/ ឈ្មោះ SANG CHUAN GANG (ហៅDA LONG) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរប្រធានសន្តិសុខ ក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

៣/ ឈ្មោះ LIANG JING JING ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ថៅកែហាងក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

ចាប់យកវត្ថុតាងរួមមាន៖

១/ អាវុធខ្លីចំនួន ០២ដើម ម៉ាក CZ 75 D COMPACT លេខ:A134409 និងម៉ាក CZP-07 លេខ: D134090 ,បង់ ចំនួន ០៣ និងគ្រាប់ ចំនួន ៦៩គ្រាប់

២/ ទូរស័ព្ទដៃចំនួន ០៣គ្រឿង

៣/ លិខិតឆ្លងដែនជនជាតិចិន ចំនួន ០៣ក្បាល

៤/ អត្តសញ្ញាណប័ណ្ណចិន ចំនួន ០១សន្លឹក

៥/ ប័ណ្ណបើកបរ ចំនួន ០៤សន្លឹក

៦/ ប័ណ្ណព័ត៌មាន ចំនួន ០៣សន្លឹក

៧/ ស៊ីមកាត ចំនួន ០៣

៨/ ផ្លាស់ (USB) ចំនួន ០១។

 

សូមជម្រាបបញ្ជាក់ជូន៖ ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតពីជនរងគ្រោះ ទឹកប្រាក់ចំនួន ១៧០,០០០$ កម្លាំងការិយាល័យជំនាញ បានស្រាវជ្រាវប្រមូលយកបានមកវិញ ទឹកប្រាក់ចំនួន ១០១,៥០០$ (ដប់ម៉ឺនមួយពាន់ប្រាំរយដុល្លារអាមេរិក) និង ប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះរួចរាល់ ។