ព្រះសីហនុៈ វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសមុខតំណែង នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត មេបញ្ជាការរងខេត្ត នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទី និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
បន្ទាប់ពីមតីស្វាគមន៍របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តរួចមក ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបំពាក់ឋានន្តរសក្តិ និងបានប្រគល់សេចក្តីសម្រច ស្តីពីការដំឡើងឋានន្តរសក្តិ និងផ្លាស់ប្តូរមុខងារ ជូននាយអាវុធហត្ថដែលត្រូវទទួលរួច ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានមានមតិណែនាំ និងផ្តាំផ្ញើ ដល់នាយអាវុធហត្ថដែលទើបទទួលមុខដំណែងថ្មី ដូចខាងក្រោមៈ
០១. ត្រូវមានភាពស្មោះត្រង់ដាច់ខាត ចំពោះមេបញ្ជាការ នាយ និងពលអាវុធហត្ថរបស់អង្គភាព
០២. ត្រូវបើកប្រាក់បៀវត្ស និងចំណាយផ្សេងៗ អោយគ្រប់ចំនួន និងដល់ដៃ នាយ និងពលអាវុធហត្ថ ក្នុងអង្គភាពខ្លួន
០៣. ត្រូវគោរព និងអនុវត្តន៍អោយបានត្រឹមត្រូវ រាល់បទបញ្ជា សេចក្តីប្រកាស និងសារាចរផ្សេងៗ ដែលមាន
០៤. ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ នូវតួនាទីភារកិច្ច ជមនាញហិរញ្ញវត្ថុ ដូចជាការកត់ត្រា បញ្ជីចំណូលចំណាយ និងរក្សាទុកឯកសារអោយបានល្អ និងគង់វង្ស
០៥. ត្រូវមានអាកប្បកិរិយាល្អ និងសីលធម៌ល្អក្នុងការរស់នៅ និងប្រាស្រ័យទាក់ទង ជាមួយនាយ និងពលអាវុធហត្ថរបស់អង្គភាព
០៦. ហាមដាច់ខាតមិនអោយមានការកាត់ប្រាក់បៀវត្ស របស់នាយ និងពលអាវុធហត្ថរបស់អង្គភាព សូម្បី១០០រៀល
០៧. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដាច់ខាត។
(អត្ថបទៈ ម៉ាន់ ដាវីត)