You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីជំពាក់ប្រាក់ជាង២០ម៉ឺនដុល្លា

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីជំពាក់ប្រាក់ជាង២០ម៉ឺនដុល្លា

កំពតៈ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក នាក់ សំបូរ អាយុជាង៣០ឆ្នាំ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណី ជំពាក់ប្រាក់អ្នកលក់គ្រឿងសំណង់ រហូតដល់ជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកសាងវត្តមួយនៅខេត្តកំពត ដើម្បីចង់បានងារជាឧកញ៉ា។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត និងជាប្រធានមន្ទីរយុត្តិធម៍ បានប្រាប់ភ្នាក់ងារGRK News អោយដឹងថា
រហូតមកដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក នាក់ សំបូរ កំពុងស្ថិតក្រោមការសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត នៅឡើយ។

លោក ហែម ចាន់ដារ៉ា បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ហុង សុគុណវឌ្ឍនា ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពត ពីបទ រំលោភលើទំនុកចិត្ត។

លោកបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ ដែលជាមន្រ្តីជាន់ខ្ពស់ នៃក្រសួងធម្មការ បាន បានទៅទិញគ្រឿងសំណង់របស់គេ យកទៅកសាងវត្តរហូតដល់ជាង២០ម៉ឺនដុល្លារ តែមិនព្រមសងម្ចាស់សំណង់។

នេះបើយោងទៅតាមមន្រ្តីក្រសួងធម្មការម្នាក់ បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជាមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ពិតប្រាកដមែន តែទើបនឹងទទួលបានព្រះរាជក្រឹត្យ តែងតាំងនាពេលថ្មីៗនេះទេ។

លោកបានបន្តទៀងថា លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃ ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការ អតីតរដ្ឋមន្រ្តីក្រសួងធម្មការ តែក្រោយមក ពេលលោក រដ្ឋមន្រ្តីក្រសួងធម្មការ ទទួលអនិច្ចកម្មទៅ ស្រាប់តែ លោក នាក់ សំបូរ ទៅរត់ការ បានរហូតជាអនុរដ្ឋលេខាធិការក្រសួងតែម្តង ធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា។

មន្រ្តីរូបនេះ បានបន្តទៀតថា លោក នាក់ សំបូរ រូបនេះ បានអ៊ួតប្រាប់គេឯងពេញក្រសួង ពីរឿងរកសុី ជាពិសេសនាំឈ្មួញថៃមកទិញដីនៅស្រុកខ្មែរជាហូរហែរ។
ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងខណ:ដែលលោកបានចេញពីកម្មវិធី ប្រារព្ធខួបថ្ងៃឯករាជ្យ ០៩វិច្ឆិកា ហើយទៅខេត្តកំពត ជាមួយមន្រ្តីស្ថានទូតថៃ ដើម្បីចូលរួមបុណ្យកឋិន៕
33

333

3333
(អត្ថបទៈ ម៉ាន់ ដាវីត)