ព្រះសីហនុៈ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការបង្ក្រាប ករណីចែកចាយគ្រឿងញៀនមួយលើក នៅវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច មុខសាលា កាងហ៊ួរ ក្រុម១៣ ភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានឈ្មោះ ហង្ស សីុណា អាយុ៣១ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម៥ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាង គឺធ្វើឡើងនៅពេលដែរ កម្លាំងកងរាជអាវុធហត្ថកំពុងបំពេញបេសកកម្មល្បាត ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ប្រទះឃើញជនសង្ស័យខាងលើ ហាក់មានសភាពសង្ស័យ ក៏កម្លាំងកងរាជអាវុធហត្ថសុំធ្វើការឆែកឆេរ ហើយក៏បានប្រទះឃើញគ្រឿងញៀនមួយចំនួន ដូចជាការគិត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ស្មើ ១.២០ក្រាម
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៤. ដែកកេះ ចំនួន ០៦
០៥. លុយដុល្លា ចំនួន ១៨ដុល្លា
០៦. ដបជក់គ្រឿងញៀន ចំនួន០១ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)