រតនគិរីៈ លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចំពោះកម្លាំងកងរាជអាវុធហត្ថ នៅចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ទាំងអស់ ត្រូវយកចិត្តទុកដាក់ ជាដាច់ខាត រាល់សកម្មភាព ដែលបង្ករអោយមានភាព អសន្តិសុខ ដល់សង្គម ជាក់ស្តែង នៅវេលាម៉ោង០៩ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាវែង បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុច ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី សង្ស័យជាប់ពាក់ព័ន្ធជាមួយអំពើលួច។
នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ដើ មេសា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិព្រៅ មុខរបរធ្វើចំការ ទីលំនៅភូមិចាន់ ឃុំ តាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។
០២. យៀម ខាំផៃ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្រៅ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាង គឺធ្វើឡើងនៅពេលដែរ ជនរងគ្រោះឈ្មោះ នួន ខាំអូន ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិឡាវ មុខរបរមន្រ្តីនគរបាលស្រុកតាវែង បានមកដាក់ពាក្យបណ្តឹង មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ថាខ្លួនបានបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាក MSX ដែលបានចតទុកនៅក្រោមផ្ទះ នៅចំណុចកើតហេតុខាងលើ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនបាន ជនសង្ស័យខាងលើ។
ភ្នាក់ងារ បានបញ្ជាក់អោយដឹងទៀងថា នៅមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យទាំង០២នាក់នោះ បានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូនោះ ដូចជាការចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)