បន្ទាយមានជ័យៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៨៧នាក់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក វង្ស ធី បានធ្វើការផ្សព្វផ្សាយ សារជូនពរ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីមីទ្ទិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦)ដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ផងដែរ។
លោកវរ:សេនីយ៍ឯក វង្ស ធី បានមានប្រសាសន៍ជំរុញអោយ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ការគោរពវិន័យ សណ្ដាប់ធ្នាប់ អោយបានម៉ឺងម៉ាត់ ព្រមទាំងមានការកោតសរសើរចំពោះ ការិយាជំនាញ និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ដែលបានយកចិត្តទុកដាក់លើតួនាទី ភារកិច្ច ដែលថ្នាក់លើបានដាក់ជូន។
ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក វង្ស ធី បានដាក់ផែនការដល់គ្រប់មូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ អោយយកចិត្តទុកដាក់ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប និងចូលឆ្នាំសកលនាពេលខាងមុខនេះផងដែរ។