You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រ​ប្រចាំឆមាស​ទី២ ឆ្នាំ២០១៥ ដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេសចំនួន​ប្រមាណជាង​៣០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយ​ការងារអប់រំចិត្តសាស្ត្រ​ប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍​របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះ​ដឹង​ជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។
ដោយមានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បាននឹងកំពុងធ្វើ​ការផ្សព្វ​ផ្សាយ​អំពីព្រឹត្តការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅ និងធ្វើបទបង្ហាញអំពីកងរាជអាវុធហត្ថដូចជា បញ្ហាព្រំដែន, តួនាទី ភារកិច្ចទទួលខុសត្រូវ ស្របតាមរចនាសម្ព័ន្ធ, សិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាអាវុធហត្ថ, សិទ្ធិនិងករណីកិច្ចក្នុងនាមជាប្រជាពលរដ្ឋ, ការកសាងខ្លួនឱ្យក្លាយជាអាវុធហត្ថឆ្នើម គំរូ និងមានស្នាដៃល្អ, ការគោរពវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ, ជាកងឯកភាពមួយក្នុង​ចំណោម​ក​ងឯកភាពផ្សេងទៀតរបស់កងទ័ព ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមទាំងមូលក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាព​នយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ លើសពីនេះទៀត កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច និងបំពេញបេសកកម្ម​ខុសពី​កងទ័ព​ដូចជា៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល, រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ, បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។
ផ្អែក​តាម​ភារកិច្ច​ខាងលើ កងរាជអាវុធហត្ថជាទាហានច្បាប់និងបំពេញករណីយកិច្ចប្រកបដោយភាពទៀងត្រង់នីតិនិយមនិងអព្យាក្រឹត្យ ព្រមទាំងមានវិន័យនិងសីលធម៌ល្អថែមទៀត។ កងរាជអាវុធហត្ថជាកូនចៅរបស់ប្រជាពលរដ្ឋជាអ្នកការពារ បម្រើប្រជាពលរដ្ឋ។ គោលការណ៍នៃសកម្មភាពរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប និងសង្គ្រោះ។ តាមទស្សនៈនេះ កម្លាំងកងរាជអាវុធហត្ថ​ជាកម្លាំងបម្រើ​សេវាសាធារណៈមួយដ៏ចាំបាច់និងមិនអាចខ្វះបាន ដើម្បីធានាបរិយាកាសល្អដល់ការអភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ ភាពសុខសាន្ត​របស់ប្រជាពលរដ្ឋ និងជាទំនុកចិត្តដល់វិនិយោគិន ធុរជន ក្នុងការប្រកបរបរ អាជីវកម្ម និងជំនួញផ្សេងៗ។ ដូច្នេះហើយបានជាកងរាជ​អាវុធហត្ថ​ក្លាយ​ជាឧបករណ៍បម្រើរដ្ឋ ការពារប្រជាពលរដ្ឋ នឹងកំពុងធ្វើឱ្យមានទំនុកចិត្ត​ដល់សាធារណជន​ជាតិនិងអន្តរជាតិ។
សកម្មភាព​របស់កងរាជអាវុធហត្ថត្រូវកំណត់ដោយច្បាប់ ព្រោះថា បើគ្មានអត្ថបទច្បាប់ចែងទេគឺគ្មានសកម្មភាពឡើយ។ ដូចនេះ កងរាជអាវុធហត្ថចាំបាច់ត្រូវតែប្រតិបត្តិនូវសកម្មភាពនៃទង្វើរបស់ខ្លួនទៅតាមគោលការណ៍ជាមូលដ្ឋានដែលកំណត់ឡើងដោយច្បាប់។ រាល់ប្រតិបត្តការរបស់កងរាជអាវុធហត្ថ គឺធ្វើឡើងក្រោមការដឹកនាំនិងបញ្ជាពីអាជ្ញាធរឋានានុក្រម តាមលក្ខណៈពិសេសៗនៃបេសកកម្មរបស់ខ្លួន ហើយការបញ្ជានេះត្រូវស្ថិតក្រោមរូបភាពនៃនីត្យានុកូលភាព។ ករណីមិនគោរព ឬផ្ទុយពីគោលការណ៍នីត្យានុកូលភាពនាំឱ្យសកម្មភាព​របស់កងរាជអាវុធ​ហត្ថខុសទៅនឹងច្បាប់។
ហេតុនេះ គ្រប់សកម្មភាពទាំងឡាយរបស់កងរាជអាវុធហត្ថដែលប្រព្រឹត្តទៅត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងយ៉ាងសុក្រឹតបំផុត ដោយស្ថិតក្នុងក្របខណ្ឌនៃអត្ថបទច្បាប់ដែលមានចែង គឺពុំអាចធ្វើអ្វីហូសពីព្រំដែន ឬការធ្វេសប្រហែស ឬក៏ការមិនគោរពកាតព្វកិច្ចណាមួយឡើយ។ បណ្តាទង្វើ ឬប្រតិបត្តិការដែលអនុវត្តផ្ទុយនឹងច្បាប់ ក្នុងករណីនោះត្រូវទទួលទោស ព្រមទាំងទទួលវិន័យទណ្ឌកម្មតាមបញ្ញត្តិនៃវិធានដែលមានចែងក្នុងច្បាប់ជាធរមាន។
ការប្រព្រឹត្តទៅនៃកងរាជអាវុធហត្ថត្រូវស្ថិតនៅក្រោមរបបគតិយុត្តមួយច្បាស់លាស់ គឺរបបគតិយុត្តនៃនីតិសាធារណៈ ព្រោះរាល់សកម្មភាពនៃការធ្វើអន្តរគមន៍របស់កងរាជអាវុធហត្ថត្រូវស្ថិតនៅក្រោមបញ្ជាពីអាជ្ញាធរឋានានុក្រមដូចមានចែងក្នុងមាត្រា២ “រាជរដ្ឋាភិបាលគ្រប់គ្រងបញ្ជាប្រើប្រាស់យោធា នគរបាល កម្លាំងប្រដាប់អាវុធផ្សេងៗទៀត និងរដ្ឋបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួន” នៃច្បាប់ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០២/នស/៩៤។ ហើយនៅក្នុងមាត្រា១និងមាត្រា២នៃអនុក្រឹត្យលេខៈ ៧៧ អនក្រ ក៏មានចែងថា “កងរាជអាវុធហត្ថត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី” “នាយករដ្ឋមន្ត្រីជាអ្នកកំណត់ក្របខណ្ឌសកម្មភាពទូទៅ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកទទួលខុសត្រូវលើផ្នែករដ្ឋបាលទូទៅ និងជាអ្នកផ្តល់សម្ភារៈ និងថវិកាសម្រាប់ផ្គត់ផ្គង់កងរាជអាវុធហត្ថ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទមានភារៈគ្រប់គ្រងសំដៅហ្វឹកហ្វឺន កសាងរៀបចំ កងរាជអាវុធហត្ថ”។
ដូច្នេះគ្រប់សកម្មភាពរបស់កងរាជអាវុធហត្ថ ត្រូវអនុវត្តតាមបណ្តាវិធានទាំងឡាយដែលកំណត់ដោយ​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែល​ពាក់ព័ន្ធដូចជា៖ រដ្ឋធម្មនុញ្ញ, ក្រមនីតិវិធីព្រហ្ម-ទណ្ឌ, ក្រមព្រហ្មទណ្ឌ, ច្បាប់ស្តីពីបាតុកម្មដោយអហិង្សា, ច្បាប់ស្តីពីការទប់ស្កាត់​អំពើ​ហិង្សា​ក្នុងគ្រួសារ, ច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម, ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ, អនុក្រឹត្យស្តីពីឯកសណ្ឋាននិងផ្លាកសញ្ញាកងរាជអាវុធហត្ថ…។
រយៈពេលជាង២២ឆ្នាំនេះ កងរាជអាវុធហត្ថបានបង្កើតនូវស្នាដៃនិងសមិទ្ធផល​ក្នុងការរួមចំណែកយ៉ាង​សំខាន់​ជាមួយសមិទ្ធផល​រួមរបស់​កងយោធពលខេមរភូមិន្ទនិងប្រទេសជាតិ។ ជាក់ស្តែង យើងបានបង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ រក្សាស្ថិរភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយមហន្តរាយផ្សេងៗ។ ចំណុចលេចធ្លោរយៈពេលចុងក្រោយនេះ គឺយើងបានធ្វើការទប់ស្កាត់នូវឧបាយកលបង្កចលាចល ប្រឆាំងដាច់ខាតចំពោះបដិវត្តន៍ពណ៌ ដើម្បីបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ បំផ្លាញនីតិរដ្ឋ និងឯកភាពជាតិ ពីសំណាក់មជ្ឈដ្ឋានជ្រុលនិយម។

IMG_0008

IMG_9997

IMG_0026

IMG_0025

IMG_0020

IMG_0019