សៀមរាប៖ ជាថ្មីម្តងទៀត ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជម្រើសរើសធ្វើជាម្ចាស់ផ្ទះ សន្និបាតសាមញ្ញរបស់សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វហ្វីតែលសៀមរាប។
ចំពោះមុខ ក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាមន្ត្រីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានរៀបចំរួចរាល់សម្រាប់ដំណើរការមហាសន្និបាតសមញ្ញនេះ។
ប្រភពមន្ត្រីសហព័ន្ធបានបញ្ជាក់ឱ្យដឹងថា មហាសន្និបាតនេះ ធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនៈភាពរបស់សហព័ន្ធតំបន់មួយនេះ និង បោះឆ្នោតប្រធាន អនុប្រធាន សមាជិកគណៈកម្មការប្រតិបត្តិមួយតំណែងសម្រាប់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ព្រមទាំងសមាជិកក្រុមប្រឹក្សា៥រូប និងសមាជិកក្រុមប្រឹក្សាស្ត្រី១រូប។
សូមរំលឹកថាកាលពីខែមីនា ឆ្នាំ២០១៩ ខេត្តសៀមរាប ធ្លាប់បានធ្វើម្ចាស់ផ្ទះ កាលនោះឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយលោក Dato’ Sri Zaw Zaw, Dato’ Haji Hamidin B. Haji Mohd Amin និង Dato’ Sri Francisco Kalbuadi Lay ជាអនុប្រធាន។
ទោះបីជាពិភពលោក ត្រូវវាយប្រហារដោយជំងឺរាតត្បាតសកលកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ព្រឹត្តិការណ៍បាល់ទាត់ធំៗក្នុងតំបន់អាស៊ានបានបញ្ចប់ដោយជោគជ័យដូចជាការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ ២០២០ លើកមកធ្វើ២០២១ នៅសិង្ហបុរី ដោយថៃជាម្ចាស់ជើងឯក បាល់ទាត់ក្នុងស៊ីហ្គេម ២០២១លើកមកលេងនៅខែឧសភា ឆ្នាំ២០២២ និងចុងឆ្នាំនេះ សហព័ន្ធក៏ត្រូវរៀបចំការប្រកួតបាល់ទាត់ AFF Mitsubishi Cup 2022 ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
សន្និបាតសាមញ្ញរបស់សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះគឺបាន ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍អាណត្តិទី២បន្តទៀត ៕