You are currently viewing ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន០១កញ្ចប់តូច ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ។
បើតាមការអោយដឹងពីលោកអនុសេនីយ៍ឯក រដ្ឋា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើងខាងក្រោយសណ្ឋាគារនាគមាសថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន បានប្រាប់អោយដឹងថា ដោយយោងតាមពាក្យបណ្តឹងពីបងស្រីជនរងគ្រោះឈ្មោះ រស់ ពិសី អាយុ២៦ឆ្នាំ រីឯប្អូនប្រុសរងគ្រោះឈ្មោះរស់ រស្មី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខាងលើនេះ ចោទប្រកាន់លើជនសង្ស័យឈ្មោះកែវ សីហា ហៅពីងពាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅមិនពិតប្រាកដ បានយកកាំភ្លើងខ្លីបាញ់ប្រហារខ្លួនកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ តែសំណាងមិនបានបង្កអោយរងរបួសអ្វីនោះឡើយ។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់អោយដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវរហូតឈានមកដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ និងរកឃើញមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ចំនួន០១កញ្ចប់តូច ថ្នាំក្រវី០១កូនថង់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងសំភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួនធំ។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់អោយដឹងទៀតថា ក្រោយពីសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀន និងវត្ថុតាងទាំងអស់នេះពិតជារបស់ខ្លួនពិតមែន រីឯការចោទប្រកាន់ពីបទមនុស្សឃាត់បាញ់បោះអាវុធនោះមិនពាក់ព័ន្ធនិងខ្លួនទេ គឺបក្សពួករបស់ខ្លួនម្នាក់ទៀតជា អ្នកប្រព្រឹត្ត ឈ្មោះម៉ាន ហៅ អាស្មាន ជាអ្នកបាញ់បោះទៅខាងលើ និងបាញ់តំរង់ទៅជនរងគ្រោះខាងលើនេះ ហើយរត់គេចខ្លួនបាត់។

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿង ដើម្បីចាត់់ការបន្តតាមនីតិវិធី រីឯបក្ខពួកម្នាក់ទៀតកម្លាំងអាវុធហត្ថខេត្តកំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
%e1%9f%a0%e1%9f%a1

%e1%9f%a0%e1%9f%a2

%e1%9f%a0%e1%9f%a3

(អត្ថបទ ឡាក់ ភី)