កំពង់ចាមៈ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីធានាអោយបាននូវសុវត្ថិភាព១០០ភាគរយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម តែងតែយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងខេត្ត ជាក់ស្តែង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិកណ្តោល ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឆែប ត្រា ហៅឆៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តោល ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម
០២. វី រ៉ាឆាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងតាអុង ឃំុព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ជនសង្ស័យឈ្មោះ ឆែប ត្រា ហៅឆៃ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺជាមេក្លោងជួញដូរ និងផ្តល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មជារៀងរាល់ថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៣២ក្រាម
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០១គ្រឿង
០៤. ប្រាក់រៀលចំនួន០៨ម៉ឺនរៀល រួមទាំងឧបករណ៍ប្រើប្រាស់ និងថង់ប្លាស្ទិកសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)