You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា

កណ្តាល៖ រសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២២ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះក៏មានការរៀបចំពិធីជូនបណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ផងដែរ។

លោក មេបញ្ជាការ បានមានប្រសាសន៍អបអរសាទរ និង កោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ទាំងអស់ ទទួលបានក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង សម្រេចបានជោគជ័យជាទីមោនៈ។ ការជូនបណ្ណសរសើរ លិខិតសរសើរ នាពេលនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ និង មានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។