ក្រចេះៈ នៅវេលាម៉ោង០៧ និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ស៊្រុន សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាជនពិការ ហើយក៏ជាអ្នកបើកបររថយន្តល្មើសច្បាប់នោះផងដែរ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត TACOMA ពាក់ស្លាកលេខ ភ្នំពេញ 2I-8664
០២. ឈើប្រណិត បេង និងធ្នង់ ពេញមួយគូទរថយន្ត ដែលមានទំហំ ០.៣៦៥មែត្រគូប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។