កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ត្រូវបានផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ជំនួសវិញ។
លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ក្នុងពិធីផ្ទេរតំណែងនាពេលនេះ វត្តមានរបស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ បានញ៉ាំងឱ្យពិធីដ៏មានអត្ថន័យនេះ កាន់តែមានភាពអធិកអធម បន្ថែមទៀត និងសូមជូនពរ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ចម្រុងចម្រើន ក្នុងការប្រកបមុខរបបអាជីវកម្ម និងសម្រេចបានត្រចះត្រចង់នូវរាល់តួនាទី ភារកិច្ច តាមមុខងាររៀងៗខ្លួន។
លោក នាយឧត្តមសេនីយ៍ បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖
១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២- រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យ
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។ ម្យ៉ាងវិញទៀត ក៏ដើម្បីប្តូរបរិយាកាសការងារ បង្កើនសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ។
លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ ៤យ៉ាងគឺ៖
១- សុខភាពល្អ កាយសប្បទាមាំមួន
២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ
៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន
៤- ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។
លោកនាយឧត្តមសេនីយ៍បានបន្តថា ឆ្លៀតឱកាសនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ចំពោះនាយក ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖
១- ការងារគ្រប់គ្រង
– ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច ដូចខាងក្រោម៖
ក- ហូប
ខ- ស្លៀកពាក់
គ- ស្នាក់នៅ
ឃ- សុខភាព
ង- អប់រំ រៀនសូត្រ
ច- មធ្យោបាយធ្វើដំណើរ
ឆ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក
– ការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់
– ការងារ គ្រប់គ្រងអចលនទ្រព្យ
– ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព
២- ការងារកសាងអង្គភាព
– ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ)
– ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ
– ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព
៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជា
អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖
១) ចំពោះប្រទេសជាតិ ត្រូវតែការពារ
២) ចំពោះប្រជា ត្រូវតែបម្រើ
៣) ច្បាប់ ត្រូវតែគោរព
៤ )បទល្មើស ត្រូវតែបង្ក្រាប
សូមបញ្ជាក់ថា៖ បុគ្គលិកគឺមានចំនួនដដែល ថវិកាក៏មានចំនួនដដែល ឱកាសគឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែរយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវរបស់អស់លោក តាមតួនាទី ភារកិច្ច រៀងៗខ្លួន។
សូមប្រគល់ជូនប្រជាជន តាមដាននូវការអនុវត្តការអនុវត្តន៍តួនាទី ភារកិច្ច និងវិន័យកងរាជអាវុធហត្ថ និងរួមគ្នាគោរពច្បាប់ ដើម្បីកសាងកម្ពុជាជា ព្រះរាជាណាចក្រនីតិរដ្ឋ
សូមអំពាវនាវប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាង កងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ។
ក្នុងនោះផងដែរ លោក នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្តាំផ្ញើៈ
១- គ្រប់គ្រង
- បុគ្គលិកដែលបានកំណត់តាមក្របខ័ណ្ឌ
- អចលនទ្រព្យ ( ដីធ្លី និងសំណង់ )
- មធ្យោបាយ សម្ភារៈ បរិក្ខារបំពាក់
- ទីលានបាញ់គ្រាប់ពិត
- ទីលាន សមយុទ្ធថ្នាក់យុទ្ធវិធី
- សម្ភារបច្ចេកទេស បម្រើការងារអប់រំ ហ្វឹកហ្វឺន
- ថវិកាហ្វឹកហ្វឺន ( សម្រាប់ជីវភាពបុគ្គលិក យោធាចារ្យ និងសម្រាប់ជីវភាពរស់នៅរបស់សិក្ខាកាម)
- ការងារព្រៃឈើ និងដាំដុះបន្ថែម
២- តួនាទី ភារកិច្ច
- បណ្តុះបណ្តាលនាយទាហាននរង នៃកងរាជអាវុធហត្ថ
- បណ្តុះបណ្តាលជំនាញ បម្រើ និងឯកទេស
- ធ្វើវិក្រឹត្យការ ជំនាញ កងរាជអាវុធហត្ថ
៣- ដើម្បីសម្រេចនូវភារកិច្ច និងការងារខាងលើបានត្រូវមាន៖
- សាមគ្គីឯកភាពផ្ទៃក្នុង ( ហាមការបង្កើតក្រុមបក្សពួក អញ ឯង ចាស់ ថ្មី) មិនអនុញ្ញាតិឱ្យប្រើបុគ្គលិកខុសជំនាញ
- ត្រូវគោរពម៉ឺងម៉ាត់វិន័យ កងយោធពលខេមរភូមិន្ទ
- សហការជាមួយ ស្ថាប័នជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីរៀបផែនការ កម្មវិធី មេរៀន យោធាចារ្យ ការងារធានាជីវភាពរស់នៅ និងមធ្យោបាយ សម្ភារៈ បរិក្ខា បម្រើការងារអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន និងការងារគ្រប់គ្រងសិក្ខាកាម ទៅតាមវគ្គ
- ត្រូវអនុវត្ត របៀបរបបធ្វើការទៅតាមឋានានុក្រម និងបទបញ្ជាផ្ទៃក្នុង កងរាជអាវុធហត្ថ
- ត្រូវមានការសហការល្អ ជាមួយអាជ្ញាធម៌ សមត្ថកិច្ចដែនដី និងប្រជាជននៅជុំវិញមជ្ឈមណ្ឌលហ្វឹកហ្វឺន។
៤- ត្រូវចាំថា កិត្តិយស ត្រូវផ្សារភ្ជាប់នឹងការទទួលខុសត្រូវ ។