កំពង់ចាមៈ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម តែងតែពង្រឹងយកចិត្តទុកដាក់ ក្នុងការបង្ក្រាបរាល់បទល្មើសដែលកើតមានឡើង ជាក់ស្តែង នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ថុន គន្ធា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ភ្នាក់ងារ បានបន្តអោយដឹងទៀងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្តដើម្បីសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេ នៅមានបក្ខពួក ដែរជាដៃគូរក្នុងការចែកចាយគ្រឿងញឿនម្នាក់ទៀត ដែលមានឈ្មោះ ប៊ន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបញ្ចូលហ្គាស់ រស់នៅភូមិកោះរការក្រៅ ឃំុកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប៉ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទីខែឆ្នាំ ដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានសហការ ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃំុកោះរការ ធ្វើការឃាត់ខ្លួនជនសង្ស័យនោះ បានភ្លាមៗ។
ភ្នាក់ងារ បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៤៩ក្រាម
០២. ទូរស័ព្ទ ចំនួន០១គ្រឿង និង ឧបករណ៍ ប្រើប្រាស់សារធាតុញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)