You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសម្ពោធអគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសម្ពោធអគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ  ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងប្រកាសចូលកាន់មុខតំណែងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក  រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី លោក មេបញ្ជាការរងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមផងដែរ។

ថ្លែងនាឱកាសនោះ ដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថាសមិទ្ធិផលដែលអង្គភាពកងរាជអាវុធហត្ថទទួលបាននាពេលកន្លងមក ក៏ដូចជាពេលនេះ គឺបានកើតចេញពីការជឿជាក់ និងពីសកម្មភាពការងារល្អ ទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី សបញ្ជាក់ពីមោទនភាពដ៏វិសេសវិសាលបំផុត ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ឯក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

 

លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច ជាពិសេសអាវុធហត្ថដែលទើបទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មារតីទទួលខុសត្រូវ និងការឆ្លើយតប ចំពោះការផ្តល់នូវភាពជឿជាក់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ។

សូមបញ្ជាក់ផងដែរថា  អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៥២.៦២ម៉ែត្រការ៉េ មាន០៦បន្ទប់,  អគារស្នាក់នៅ១,ឃ្លាំងសម្ភារៈ១,  អគារផ្ទះបាយ១, បន្ទប់ទឹក ១ រួមនឹងសមិទ្ធិផលផ្សេងៗ សរុបអស់ថវិកាចំនួន ១៦១,៨៤៨  ដុល្លារអាមេរិក ។ ព្រមជាមួយគ្នានោះលោក វរសេនីយ៍ត្រី ចាន់ រដ្ឋា បានប្រាសចូលកាន់តំណែងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹងមេបញ្ជាការរង ចំនួន៣រូបទៀតផងដែរ៕