ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទឹកប្រាក់ចំនួន ៧,៦២០,០០០រៀល ប្រគល់ជូនដល់លោកវរសេនីយ៍ទោ សាន់ សារ៉ន មុខតំណែង ប្រធានមន្ទីរសម្ភារៈបច្ចេកទេស ដែលបច្ចុប្បន្នកំពុងមានជំងឺសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករំលឹកពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់លោកវរសេនីយ៍ទោ សាន់ សារ៉ន និងក្រុមគ្រួសារ និងជូនពរឱ្យរូបលោកមានសុខភាពល្អ ឆាប់បានជាស្បះស្បើយឡើងវិញ។
សូមជម្រាបជូនថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលប្រគល់ជូនរូបលោកនិងក្រុមគ្រួសារនាពេលនេះ ដោយទទួលបានការចូលរួមឧបត្ថម្ភថវិកាដោយស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមការគិតគូរយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយស្របតាមគោលការណ៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។