តាកែវៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិព្រៃអំពក ឃំុព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកគិរីវង់ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់។
នេះបើយោងទៅតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ និងដោយមានការសហការរវាងកម្លាំងកងរាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឌុយ មាំង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិពិតប្រាកដ រស់នៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន១៣កញ្ចប់ ដែលមានទម្ងន់៤.១៩ក្រាម
០២. ដាវ១ កាំបិត១ ពូថៅ ១
០៣. ទូរស័ព្ទដៃ ចំនួន០២ គ្រឿង និងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)