ក្រចេះៈ នៅវេលាម៉ោង០៩ និង៣៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុច ភូមិក្រញ៉ុងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ ក៏បាន ចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈេីប្រណិតប្រភេទសុក្រម និងឈើប្រណិតប្រភេទកកោះ ចំនួន០៨សន្លឹក។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ឈើទាំងអស់នោះ គឺជាឈើដែលជនល្មើសបំរុងដឹកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែពេលដែលដឹកថាកម្លាំងកងរាជអាវុធហត្ថបានតាមដាន ជនល្មើសក៏ បានទំលាក់ចោលនៅចំណុចកើតហេតុខាងលើ។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកជនល្មើស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)