ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងពលតូចពិសេសឆ័ត្រយោង៩១១ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញឆ្លាមសមុទ្រ ជំនាន់ទី៥និងជំនាញឆត្រយោងជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងពលតូចពិសេសឆ័ត្រយោង៩១១ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ស្នងការ នាយកសាលាកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការកែទម្រង់ជាបន្តបន្ទាប់គ្រប់វិស័យ គ្រប់ផ្នែក ជាពិសេសការអភិវឌ្ឍទៅលើធនធានមនុស្សក្នុងកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថបានបើកវគ្គហ្វឹកហ្វឺនរៀនសូត្រជាច្រើនរៀងរាល់ឆ្នាំ គ្រប់ជំនាញទាំងអស់ និងបានធ្វើការអប់រំចិត្តសាស្ត្រជាប្រចាំផងដែរ ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ជ្រួតជ្រាប យល់ដឹងអំពីតួនាទី ភារកិច្ច សភាពការណ៍ជាតិ និងអន្តរជាតិ មានឆន្ទៈម៉ោះម៉ុត ទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងការពាររាជរដ្ឋាភិបាល។
ជាក់ស្តែង តាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាពេលនេះ មានសិក្ខាកាមដែលជាកងរាជអាវុធហត្ថចំនួន១២៧នាក់ ចូលរួមហ្វឹកហ្វឺនរៀតសូត្រផងដែរ។ រយៈពេលហ្វឹកហ្វឺនចំនួន៦ខែ គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្មើនឹង១៨១ថ្ងៃ។ ខ្លឹមសារមេរៀនមាន៖ អប់រំចិត្តសាស្ត្រ បច្ចេកទេសឆ្លាមសមុទ្រ បច្ចេកទេសឆត្រយោង សុខាភិបាល។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តយ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ កោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចពិសេសឆត្រយោង៩១១ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១ ដែលបានរៀបចំឱ្យវគ្គនេះប្រព្រឹត្តទៅដោយរលួននាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ភារកិច្ចរបស់កងទ័ពមានច្រើនណាស់ ប៉ុន្តែនៅក្នុងថ្ងៃនេះ ខ្ញុំលើកយកតែភារកិច្ចសំខាន់ៗ៤មករំលឹកជូនដល់អង្គពិធីទាំងមូលគឺ៖ ទី១- ភារកិច្ចការការពារបូរណភាពទឹកដី ទី២-ការងារហ្វឹកហ្វឺនបណ្តុះបណ្តាល ទី៣-កិច្ចការងារប្រយុទ្ធ និងទី៤-ការត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលរងគ្រោះនូវគ្រោះមហន្តរាយផ្សេងៗ។ ការហ្វឹកហ្វឺនរបស់កងទ័ពមានមេរៀនបីសំខាន់គឺ ១-ការអប់រំចិត្តសាស្ត្រ ក្នុងគោលបំណងកសាងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ធ្វើពលិកម្មប្តូរផ្តាច់ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២-ការហ្វឹកហ្វឺនយុទ្ធវិធី និង៣-ការហ្វឹកហ្វឺនជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ សម្ភារៈ មធ្យោបាយផ្សេងៗ។ ជាទីបញ្ជប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ចំពោះការហ្វឹកហាត់សុំឱ្យធ្វើដូចការពិតគឺអនុវត្តជាក់ស្តែងតែម្តង ប៉ុន្តែត្រូវតែធានាសុវត្ថិភាពជាចំបង ព្រមទាំងធានាឱ្យបានល្អនូវឧបករណ៍ សម្ភារៈ មធ្យោបាយក្នុងការហ្វឹកហ្វឺន ជាពិសេសការហូបចុក ការស្នាក់នៅត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាចំនួន២០លានរៀលជូនដល់ឯកឧត្តម មេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១និងប្រគល់ស្បែកជើងកីឡាដល់សិក្ខាកាមនិងអ្នកគ្រប់គ្រងចំនួន៤៥៧គូ។(អេង ហ៊ី)
(អត្ថបទៈ ឧ.អេង ហ៊ី)