ភ្នំពេញៈ ស្នាដៃបង្ក្រាបករណីឃាតកម្ម របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ ម្ចាស់ «ក្លឹប៥៥» ដែលជាថៅកែនារីរងគ្រោះ បានចាត់លោក សឹង កុសល ជាតំណាងក្លឹប នាំយកថវិកាលើកទឹកចិត្ត ចំនួន១០លានរៀល ទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្ដែងពីការកោតសរសើរដែលអាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងបានឆាប់រហ័ស និងចាប់ឃាតករបានយកមកផ្តន្ទាទោស។
តែដោយទឹកចិត្តអាណិតអាសូ ប្រកបដោយក្តីមេត្តារបស់ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ថវិកាលើកទឹកចិត្តរបស់ម្ចាស់ «ក្លឹប៥៥» ផ្តល់មកអាវុធហត្ថទាំង១០លានរៀល បង្វែជូនទៅគ្រួសារសពនារីរងគ្រោះវិញ សម្រាប់ឲ្យពួកគាត់យកទៅរៀបចំជីវភាពគ្រួសារ ព្រមទាំងបានស្រាវជ្រាវយកម៉ូតូ ទូរស័ព្ទ ជញ្ជៀន និងខ្សែរក របស់ជនរងគ្រោះត្រឡប់មកវិញ ប្រគល់ជូនពួកគាត់ផងដែរ។
ដោយឡែកក្រៅពីលើកទឹកចិត្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ម្ចាស់ក្លឹប៥៥ ក៏បានឧបត្ថម្ភថវិកា១០លានរៀលជូនដល់គ្រួសារសពជនរងគ្រោះដូចគ្នា ថែមទាំងបានរៀបចំបុណ្យសពជូនជនរងគ្រោះរហូតដល់ចប់ចុងចប់ដើម។
សូមបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន និងបានផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ បើទោះបីពួកគាត់ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលា ទាំងយប់ទាំងថ្ងៃ ក៏ពួកគាត់មិនដែលត្អូញត្អែរឡើយ ថែមទាំងសាកសមជាប៉ូលីសចិត្តធម៌មែន សុខចិត្តច្រានចោលលុយរាប់លានដែលម្ចាស់ក្លឹប ៥៥ ប្រគល់ទៅគ្រួសារនារីរងគ្រោះ ទាំងស្នាមញញឹម។