ព្រះសីហនុៈ នៅវេលាម៉ោង២២ និង១៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចក្រុម២៨ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើងក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយលោកឧត្តមសេនីយ៍ត្រី បានទទួលដំណឹងពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ មានយុវជនមួយក្រុម កំពុងធ្វើចរាចរណ៍ចែកចាយសារធាតុញៀន។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ង៉ែត រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករនេសាទ ទីលំនៅបច្ចុប្បន្ន ក្រុម២៦ ភូមិ០៣ ឃុំទំនប់រលក សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០២. ញែម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២៨ ភូមិ០៣ ឃុំទំនប់រលក សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ
០៣. សឹង តិច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ក្រុម១៧ ភូមិ០៣ ឃុំទំនប់រលក សង្កាត់០១ ក្រុងព្រះសីនុ ខេត្តព្រះសីហនុ។
០៤. ឈិត សូភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្ន ក្រុម២៨ ភូមិ៣ ឃុំទំនប់រលក សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យទាំងនោះបានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកចំនួនម្នាក់ទៀត មានឈ្មោះ ព្រីង សាំងឡេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរចុងភៅ មាន ទីលំនៅបច្ចុប្បន្នក្រុម
១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាមេក្លោងក្នុងការចែកចាយគ្រឿងញៀន។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យនោះបានភ្លាមៗ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៥ កញ្ចប់ ដែលមានទម្ងន់ស្មើ ២.៣៧ក្រាម
០២. ទូរស័ព្ទដែចំនួន ០៤គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. លុយខ្មែរចំនួន៤៤ម៉ឺនរៀល និងដុល្លា ចំនួន២៦ដុល្លា
០៥. ចិញ្ជៀន ចំនួន០១វង់
០៦. នាឡិកា ដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)