ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាភរិយា ឯកឧត្តម តាន់ បញ្ញាវុធ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង (ត្រូវជាប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) បានទទួលមរណភាពនៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ផ្តល់ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម តាន់ បញ្ញាវុធ និងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕