កែប៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវទឹកប្រាក់ចំនួន ៤,៦៥០,០០០៛ ប្រគល់ជូនដល់លោក វរសេនីយ៍ត្រី ហាយ បូណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិកែប សង្កាត់កែប ខេត្តកែប។
ថវិកាមូលនិធិដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមតាមសទ្ធាជ្រះថ្លារបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ដោយអនុវត្តន៍ស្របទៅតាមគោលការណ៍ដឹកនាំលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីសក័្ត បានពាំនាំនូវក្តីនឹករំលឹក ព្រួយបារម្ភពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ដល់លោក វរសេនីយ៍ត្រី ហាយ បូណា និងក្រុមគ្រួសារ និងជូនពរសូមឱ្យឆាប់បានជាស្បះស្បើយ។