You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការបង្ក្រាបគ្រឿងញៀនជាង ៣គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៩នាក់

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការបង្ក្រាបគ្រឿងញៀនជាង ៣គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៩នាក់

ព្រះសីហនុ៖ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន។

ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តិបទល្មើស រយៈពេល០៧ថ្ងៃ រហូតឈានដល់ការចុះបង្រ្កាបជនសង្ស័យជាមេក្លោងចំនួន ០៤នាក់ និងបក្សពួកជាបន្តបន្ទាប់ នៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ និងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមានក្រាមសថ្លា សរុបចំនួន ៣១០០,៥១ ក្រាម (ទម្ងន់សុទ្ធ), ថ្នាំគ្រាប់ពណ៌ផ្កាឈូក ០៤គ្រាប់ ទម្ងន់ ០,៣៧ ក្រាម (មេតំហ្វេតាមីន), ដបជក់ ០៤, ដែកកេះ ០៣, ជញ្ចីងថ្លឹង ០១, ទូរស័ព្ទដៃ ១២គ្រឿង, រថយន្ត ០៥គ្រឿង, ម៉ូតូ ០១គ្រឿង, ប្រាក់ ២០០,០០០រៀល, ស្លាកលេខរថយន្ត ០២, ស្លាកលេខម៉ូតូ ០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១, ស្លាបព្រាជ័រសម្រាប់ចូកគ្រឿងញៀន ០១។