ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវទឹកប្រាក់ចំនួន ៥,៤១៥,០០០៛ ប្រគល់ជូនដល់ លោក វរសេនីយ៍ទោ មាស សុវណ្ណ ប្រធានមន្ទីរសម្ភារបច្ចេកទេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ថវិកាមូលនិធិដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមតាមសទ្ធាជ្រះថ្លារបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយអនុវត្តន៍ស្របទៅតាមគោលការណ៍ដឹកនាំលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ បានពាំនាំនូវក្តីនឹករំលឹក ព្រួយបារម្ភពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការ ដល់លោក វរសេនីយ៍ និងក្រុមគ្រួសារ និងជូនពរសូមឱ្យឆាប់បានជាសះស្បើយ ។
លោក វរសេនីយ៍ទោ មាស សុវណ្ណ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងគោរពជូនពរសូមសមប្រកបជួបនូវពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕