កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកមន្ត្រីអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ អ៊ួន សុផាត អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ចត្វាស័ក ព.ស ២០៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ សពតំកល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងឱកាសនោះលោក មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង១១ ក៍បាននាំយកបច្ច័យចូលរួមបុណ្យដល់គ្រួសារសពមួយចំនួនផងដែរ។ ក្នុងវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោក ស្ដាយជាពន់ពេក ចំពោះមរណភាព របស់លោក វរសេនីយ៍ទោ អ៊ួន សុផាត គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបទៅដោយព្រហ្មវិហារធម៌ ហើយជានិច្ចជាកាល លោកតែងតែបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ។ ក្នុងឱកាសដ៏សែនក្រៀមក្រំពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ អ៊ួន សុផាត សូមឱ្យបានយោនយោគ និងចាប់បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។