ស្វាយរៀងៈ នៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើងក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយលោកឧត្តមសេនីយ៍ត្រី បានទទួលការសហការពីបងប្អូនប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ តែងតែមានយុវជនមួយក្រុម ជួបជុំគ្នាចែកចាយសារធាតុញៀន ទើបលើកឧត្តមសេនីយ៍ត្រី បានដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅកន្លែងកើតហេតុភ្លាមៗ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ខ្វាន់ ចាន់នូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល
០២. សុខ ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
០៣. រាជ ប៊ុនហេង ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
០២. ទូរស័ព្ទដែចំនួន ០៣គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. កាតគ្រី ម៉ូតូ ចំនួន០១
០៥. ប្រាក់រៀលចំនួន ៦៦.០០០រៀល
០៦. កាបូបលុយ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)