ក្រចេះៈ នៅវេលាម៉ោង០៥ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងស្នាក់ការអាវុធហត្ថ៧០៨ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុច ហាងបាយអូននាង ភូមិ បន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្ត ក្រចេះ។
នេះបើតាមការអោយដឹងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន០២នាក់ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
០១. រថយន្តម៉ាក សាំយ៉ុង ពណ៌ស ចំនួន០២គ្រឿង
០២. ឈេីក្ដារចំនួន ១៥៤សន្លឹក ស្មើ ១.១៤៤ ម៉ែត្រគូប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។