ស្ទឹងត្រែងៈ នៅវេលាម៉ោង១៦ និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ដំណាក់ស្លឹកគ្រៃ ភូមិសំអាង ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើងដោយប្រើផែនការញ៉ុះញង់ ដោយមានការបង្កប់ខ្លួនរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ បានចូលទៅបន្លំខ្លួនធ្វើជាបក្ខពួកដើម្បីទិញគ្រឿងញៀនទាំងនោះ ទើបអាចឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យទាំង០៣នាក់នោះ។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ជួន ស៊ីនឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅភូមិណារ៉ុង ឃុំ
ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ
០២. កែវ តាំងឡេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ និងជំនួយការភូមិ ទីលំនៅភូមិណារុង ឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ
០៣. សៀ អ៊ូឡាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន០២កញ្ចប់ ដែលមានចំនួន១១៤គ្រាប់
០២. កាំបិត១
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. ដែកឆា ប១
០៥. ប្រាក់រៀលចំនួន៥ម៉ឺនរៀល
០៦. កាបូបខ្មៅ១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)