អាវុធហត្ថគ្រប់រូបដែលគោរពបទវិន័យទូទៅបានខ្ជាប់ខ្ជូន ចៀសផុតពីទណ្ឌកម្មនិងទោស

កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ជាអង្គភាពទ័ពជំនាញ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ និងមានសកម្មភាពផ្នែកប៉ូលិសដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូលទៅលើពលរដ្ឋស៊ីវិលនិងលើយោធិនក្នុងជួរកងទ័ព។ ភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថមានជាអាទិ៍៖ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ រ៉ាប់រងឱ្យមានការគោរពច្បាប់និងបទបញ្ជាទាំងឡាយ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបនឹងគ្រោះមហន្តរាយផ្សេងៗ។ ក្នុងនាមជានគរបាលយុត្តិធម៌ មានកិច្ចការជាជំនួយអំណាចតុលាការ ធ្វើការត្រួតពិនិត្យបទល្មើសព្រហ្មទណ្ឌ កំណត់អត្តសញ្ញាណ ប្រមូលវត្ថុតាង និងចាប់ជនដែលប្រព្រឹត្តបទល្មើសបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធី។ ភារកិច្ចមួយទៀត គឺជាតម្រួតយោធា ជាកិច្ចការត្រួតពិនិត្យលើវិន័យយោធានិងបទល្មើសយោធា មានន័យថា យោធិនដែលប្រព្រឹត្តខុសនឹងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ឬយោធិនដែលប្រព្រឹត្តបទល្មើសយោធា ជាសមត្ថកិច្ចរបស់កងរាជអាវុធហត្ថ។ ភារកិច្ចចុងក្រោយគឺផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់ដូចជា ស្ថាប័នគយនិងរដ្ឋាករ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ពន្ធដារ កាំកុងត្រូល…។
កងរាជអាវុធហត្ថត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវបទវិន័យទូទៅ ក្រមសីលធម៌ គោរពច្បាប់ និងបទបញ្ជាទាំងឡាយ ដើម្បីបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យគ្រប់កាលៈទេសៈ។ នាឱកាសនេះ ខ្ញុំបាទសូមលើកយកបទប្បញ្ញត្តិមួយចំនួនដែលមានចែងក្នុងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ មកធ្វើបទបង្ហាញជូនសាធារណជន មិត្តរបស់GRK News ជាពិសេសនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ដូចខាងក្រោម៖
អាវុធហត្ថគ្រប់រូបមានសិទ្ធិនិងសេរីភាពដូចប្រជាពលរដ្ឋដ៍ទៃទៀត ក៏ប៉ុន្តែត្រូវមានអព្យាក្រឹត្យភាពក្នុងការបំពេញមុខនាទីស្របតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ការប្រើសិទ្ធិនិងសេរីភាពខ្លះត្រូវហាមឃាត់មានជាអាទិ៍៖ សម្តែងជាសាធារណៈនូវគំនិតនិងមតិ ឬជំនឿផ្ទាល់ខ្លួនដែលមានលក្ខណៈជាទស្សនៈវិជ្ជា ឬនយោបាយ។ ការផ្សព្វផ្សាយនូវអ្វីៗ ដែលធ្វើឱ្យអន្តរាយដល់សីលធម៌និងវិន័យរបស់កងយោធពលខេមរភូមិន្ទ។ ការបង្កើតក្រុមវិជ្ជាជីវៈដែលមានលក្ខណៈជាសហជីព និងការធ្វើ ឬចូលរួមបាតុកម្មនិងកូដកម្ម។ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន អាវុធហត្ថត្រូវរក្សាការសម្ងាត់និងមិនត្រូវធ្វើឱ្យឯកសារបាត់បង់ ឬធ្លាក់ដល់ដៃអ្នកដទៃទេ។
ការហាមឃាត់ខាងលើនេះ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ត្រូវតែគោរពនិងអនុវត្តជាដាច់ខាត ក្នុងករណីមានកំហុសផ្ទុយនឹងវិន័យយោធា ការខ្វះខាតក្នុងការអនុវត្តជាផ្លូវការ កំហុសប៉ះពាល់ដល់កិរិយាមារយាទល្អ… ត្រូវបានដាក់ទោសទៅតាមឋានានុក្រមដូចជា ការផ្អាកមុខដំណែង ការស្តីបន្ទោសដោយលាយល័ក្ខណ៍អក្សរ ការស្តីបន្ទោស ការជាប់បញ្ញត្តិ ការព្រមាន រហូតដល់ការបន្ថយឋានន្តរសក្តិ ឬក៏លុបឈ្មោះចេញពីក្របខណ្ឌរបស់កងរាជអាវុធហត្ថផងដែរ។
ការដាក់ទណ្ឌកម្មផ្នែកវិន័យ គឺជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាវិន័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន និងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ជាសមាជិក។ ជាគោលការណ៍ កងរាជអាវុធហត្ថតែងតែធ្វើការត្រួតពិនិត្យទៅលើការងារប្រតិបត្តិការនិងការងារទ្រទ្រង់របស់កងរាជអាវុធហត្ថ ក្នុងន័យផ្ទៀងផ្ទាត់និងវាយតម្លៃទៅលើលទ្ធផលការងារដែលសម្រេចបានជាមួយនឹងការចំណាយទៅលើការងារប្រតិបត្តិការ ការប្រើប្រាស់សម្ភារៈមធ្យោបាយផ្សេងៗ ជាពិសេសការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ដើម្បីទុកជាបទពិសោធន៍ក្នុងការអនុវត្តនាពេលអនាគត។
ជាក់ស្តែងនាពេលកន្លងទៅនេះ កងរាជអាវុធហត្ថបានលុបឈ្មោះនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថមួយចំនួនចេញពីបញ្ជីគ្រប់គ្រង ដោយសារបុគ្គលនោះមិនគោរពបទវិន័យទូទៅ មិនគោរពវិធានការផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ជាពិសេសមិនគោរពច្បាប់ជាដើម។
តាមការសិក្សាស្រាវជ្រាវ បុគ្គលដែលមានកំហុសផ្ទុយនឹងវិន័យ ឬប្រព្រឹត្តបទល្មើស គឺអាចមានមូលហេតុ២យ៉ាង៖ ទី១-មិនមានចំណេះដឹង និងទី២-គិតខុស។ ចំណេះដឹងនេះមានសារៈសំខាន់ណាស់ ព្រោះបុគ្គលដែលមានចំណេះដឹងមុននឹងធ្វើអ្វីមួយ គាត់តែងតែពិចារណា ថ្លឹងថ្លែង និងមានការវិនិច្ឆ័យត្រឹមត្រូវ រីឯបុគ្គលដែលពុំមានចំណេះដឹង គាត់តែងតែវាយតម្លៃ ឬវិនិច្ឆ័យលឿនពេល ជឿលឿនពេកពុំមានការពិចារណាឱ្យអស់។ មនុស្សកើតមកមិនដូចគ្នាទេ ដូច្នេះការគិតក៏មិនដូចគ្នាដែរ សូម្បីតែកូនភ្លោះដែលកើតចេញពីផ្ទៃតែមួយនៅតែគិតមិនដូចគ្នាផង។ ផ្អែកលើទស្សនៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានជំរុញឱ្យធ្វើការបណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដើម្បីកាត់បន្ថយនូវកំហុសឆ្គងនានា នៅក្នុងពេលបំពេញការងាររបស់ខ្លួន។(អេង ហ៊ី)