You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ជាព្រះសង្ឃ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ជាព្រះសង្ឃ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ចាម សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ដែលទទួលបានពី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ គឺធ្វើឡើងចំនួន០២លើកផ្សេងៗគ្នា ទើអាចឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យទាំង០២នាក់នោះ។

ភ្នាក់ងារបានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ឡៃ ទីគា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាសិត សង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ស្ថិតនៅចំណុចក្នុងវត្តចន្ទមូលី(ហៅវត្តព្រៃគី) ដោយចាប់យកបានវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ០.១១ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣.ប្រាក់រៀលចំនួន១៤០.០០០រៀល
០៤. ក្រដាស់វេលុយចំនួន០២សន្លឹក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន៕

ភ្នាក់ងារបានបញ្ជាក់អោយដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនខាងលើនេះ គឺជាព្រះសង្ឃ ដែលបួសនៅចំណុចកើតហេតុខាងលើ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះខ្លួនបានទិញពីឈ្មោះ កៃ រ៉សាត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូូងឃ្មុំ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនោះបានភ្លាមៗ ដោយចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.០៩ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9e%9b%e1%9f%a1
(អត្ថបទ ម៉ាន់ ដាវីត)