កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ជាគូរស្នេហ៍នឹងគ្នា ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ដែលទទួលបានពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសំរោង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងកងរាជអាវុធហត្ថស្រុកធាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែល រួមមានឈ្មោះៈ
០១. ជិន វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅរស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម
០២. ស្រី ផល្លី ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងស្របពេលដែលពួកគេ កំពុងអង្គុយលេង នៅចំណុចកើតហេតុខាងលើ និងបំរុងធ្វើសកម្មភាពចរារណ៍គ្រឿងញៀននោះផង ពេលនោះស្របពេលដែលកម្លាំងកងរាជអាវុធហត្ថកំពុងបំពេញបេសកកម្មល្បាតជូនបងប្អូនប្រជាពលរដ្ឋ ស្រាប់តែពេលជនសង្ស័យប្រទះឃើញកម្លាំងកងរាជអាវុធហត្ថ ហើយ ក៏រត់គេចខ្លួន ធ្វើអោយកម្លាំងកងរាជអាវុធហត្ថ មានការសង្ស័យ ក៏សម្រេចចិត្តធ្វើការឃាត់ខ្លួន។
មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តអោយដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថក៏បានប្រទះឃើញវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៤៥ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)